Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ គណៈកម្មការសម្របសម្រួល ក្នុងការពង្រឹងគុណភាព ថែទាំ ព្យាបាល សុខមាលភាពមាតា ទារក កុមារ និងរោគស្រ្តី ក្នុងព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលក្នុងការពង្រឹងគុណភាពថែទាំ ព្យាបាល សុខុមាលភាពមាតា ទារក កុមារ និងរោគស្រ្តី ក្នុងព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួល ក្នុងការពង្រឹងគុណភាពថែទាំ ព្យាបាល សុខមាលភាពមាតា ទារក កុមារ និងរោគស្រ្តី។

កិច្ចប្រជុំនេះ បានរៀបចំឡើងដើម្បីពិភាក្សា និងកំណត់កម្រិត នៃការថែទាំទារក (Neonatal Care) នៅតាមមូលដ្ឋានសុខាភិបាល ដែលរាប់បញ្ចូល CPA 1 CPA 2 និង CPA 3 តាមរយៈលទ្ធផល នៃការស្រាវជ្រាវស្ថានភាពជាក់ស្តែង (Situational Analysis) នៅតាមមន្ទីរពេទ្យបង្អែកទាំង ១២១ ទូទាំងប្រទេស។

ក្នុងកិច្ចប្រជុំ ក៏បានពិភាក្សាលម្អិតអំពី ការបណ្តុះបណ្តាល ការបំពាក់សម្ភារៈ ការបញ្ជូនទារក ដែលសមស្រប ទៅតាមកម្រិតនីមួយៗ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ឱ្យបន្តការយកចិត្តទុកដាក់ពង្រឹងការបម្រើសេវាថែទាំទារក ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ដើម្បីសម្រេចបានគោលបំណង ក្នុងការកាត់បន្ថយអត្រាមរណភាពទារក យើងត្រូវចាប់ផ្តើមពីការកំណត់ឱ្យច្បាស់លាស់នូវ Level of Newborn Care ដែលមានលក្ខណៈរួមកំណត់នូវ Skills set ដែលសមស្របតាមកម្រិតនីមួយៗ និងការលើកកម្ពស់ទំនាក់ទំនងក្នុងការបញ្ជូនរវាងមន្ទីរពេទ្យ និងកម្រិតនីមួយៗ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល វេជ្ជបណ្ឌិតជំនាញផ្នែកទារក នៃមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យជ័យវរ្ម័នទី៧ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ រួមមាន WHO UNFPA FHI សរុបអ្នកចូលរួមផ្ទាល់ចំនួនចំនួន ៣៧រូប និងចូលរួមតាមប្រព័ន្ធនិមិ្មតចំនួន ១២៧នាក់ នៅសាលសន្និសីទ នៃមន្ទីរពេទ្យកាល់ម៉ែត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7