រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាបង្ហាញលទ្ធផល “ការសិក្សាស្រាវជ្រាវរកមហារីកមាត់ស្បូន តាមរយៈការធ្វើតេស្ដ អេច ភី វី (HPV)” នៅសណ្ឋាគារភ្នំពេញ។
សិក្ខាសាលានេះ មានគោលបំណង ផ្សព្វផ្សាយពីលទ្ធផល និងប្រសិទ្ធភាពចំណាយ (Cost-effectiveness) ក្នុងការប្រើប្រាស់តេស្ត អេច ភី វី (HPV) សម្រាប់ការពិនិត្យស្រាវជ្រាវ រកជំងឺមហារីកមាត់ស្បូន (Cervical Cancer Screening) នៅក្នុងខេត្តសៀមរាប។
ឆ្លៀតក្នុងពិធីនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណដល់ នាយកដ្ឋានការពារសុខភាព សាកលវិទ្យាល័យ Heidelberg នៃប្រទេសអាល្លឺម៉ង់ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដែលបានខិតខំធ្វើការសិក្សាស្រាវជ្រាវ បញ្ចប់ដោយជោគជ័យ ជាពិសេស ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដែលបានផ្តល់ការគាំទ្រក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាការគាំទ្រថវិកា ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីលទ្ធផលនេះផងដែរ។
វគ្គសិក្ខាសាលាខាងលើ រៀបចំដោយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល ក្រោមការឧបត្ថម្ភគាំទ្រពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) តាមរយៈសាកលវិទ្យាល័យ Heidelburg នៃប្រទេសអាល្លឺម៉ង់ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីមជ្ឈមណ្ឌលជាតិ វិទ្យាស្ថានសុខភាពសាធារណៈ និងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានីខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុបចំនួន ១៦៧ រូប។