សិក្ខាសាលាស្ដីពីការពិនិត្យលើសមិទ្ធផលឆ្នាំ២០២៤ និងការរៀបចំផែនការប្រតិបត្តិសម្រាប់ឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ឯកឧត្ដមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពីការពិនិត្យលើសមិទ្ធផលឆ្នាំ២០២៤ និងការរៀបចំផែនការប្រតិបត្តិសម្រាប់ឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង (១)ពិនិត្យលើវឌ្ឍនភាពដែលសម្រេចបាន បញ្ហាដែលបានជួបប្រទះ និងដំណោះស្រាយ (២)ពិភាក្សាពីការធ្វើផែនការប្រតិបត្តប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើងដោយ រយៈពេល ២ថ្ងៃ។
ឯកឧត្ដមអនុរដ្ឋលេខាធិការ មានអនុសាសន៍ថា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកមានតួនាទីសំខាន់២ ជួយក្រសួងសុខាភិបាលលើការងារថែទាំ ព្យាបាលជំងឺផង និងបង្ការជំងឺផង។ ដូចនេះការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាលត្រូវតែធ្វើជាប្រចាំ ដើម្បីបង្កើនសមត្ថភាពស្របតាមបច្ចេកទេសថ្មីៗ ក្នុងការពិនិត្យ ស្រាវជ្រាវរកមូលហេតុនៃជំងឺ ធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ផ្តល់ការថែទាំសមស្រប ព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។ ដូចគ្នានេះដែរសម្រាប់ការបង្ការជំងឺ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានកម្មវិធីជាតិចំនួន៥ គឺ៖ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ កម្មវិធីជាតិសុខភាពបន្តពូជ កម្មវិធីជាតិអាហាររូបត្ថម្ភ កម្មវិធីជាតិទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន កម្មវិធីជាតិបង្ការជំងឺរាគ និងរលាកផ្លូវដង្ហើមស្រួចស្រាល់ ដែលបាន និងកំពុងអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល គោលនយោបាយរបស់ក្រសួងសុខាភិបាល សំដៅសម្រេចបានគ្រប់គោលដៅ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រជាតិ។ បន្ថែមលើសពីនេះ មជ្ឈមណ្ឌលជាតិមានផ្នែកបណ្តុះបណ្តាល ដែលដើរតួសំខាន់ក្នុងការបណ្តុះ បណ្តាលក្នុងពេលកំពុងបម្រើការងារ (In Service Training) ដែលអាចជួយបំពាក់បំប៉ន និងបង្កើនសមត្ថភាពក្នុងការព្យាបាល សង្គ្រោះបន្ទាន់ផ្នែកសម្ភព រោគស្ត្រី ដល់មន្ត្រីសុខាភិបាលទូទាំងប្រទេស។
ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏ចូលរួមអបអរសារទពីការកើនឡើងនៃការគ្របដណ្តប់គ្រប់សេវា ដែលមជ្ឈមណ្ឌលបានផ្តល់ និងបានផ្តល់ជាអនុសាសន៍មួយចំនួនដើម្បីជួយដល់ការ អនុវត្តការងារឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូចជា ៖
១. ត្រូវពង្រីក និងពង្រឹងគុណភាពសេវានៅថ្នាក់សេវាមូលដ្ឋាន ដែលជាគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការបញ្ជូនអ្នកជំងឺទៅឆ្ងាយ
២. ត្រូវផ្តល់ការព្យាបាលឱ្យបានសមស្រប និងយកចិត្តទុកដាក់
៣. ត្រូវខិតខំប្រងប្រែងបន្ថែមទៅលើចំណុចដែលអនុវត្តបានល្អ
៤. ត្រូវខិតខំកែលំអរបន្ថែម ចំណុចខ្វះខាត ទៅតាមគន្លងដែលបានគ្រោងទុក
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ របស់មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ដែលបានសម្រេចបាននូវវឌ្ឍនភាពគួរជាទីកត់សម្គាល់ គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សរុបចំនួន ២៣២នាក់។