ខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគ.វ.រ ។
សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ជូនដល់ក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបានយល់ដឹងអំពីសារៈសំខាន់ នៃប្រព័ន្ធនិយោជន៍ ដែលរៀបចំឱ្យមានមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។
ក្នុងវេលានោះ ក៏មានការធ្វើបទបង្ហាញចំនួន៣ ដើម្បីជូនសិក្ខារកាមចូលរួមកាន់តែជ្រាបច្បាស់ រួមមាន៖ (១)ទស្សនទាន និងគោលនយោបាយក្នុងការកែទម្រង់មុខងារសាធារណៈ (២)ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និង(៣)ការបំពេញការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ និងប្រធាននាយកដ្ឋានធនធានមនុស្ស នៃក្រសួងនានា អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងមន្ត្រីជំនាញ សរុបចំនួន ២៦៩រូប។