ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល និង លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីសមភាពយេនឌ័រ និងបរិយាបន្នសង្គម សម្រាប់ក្រុមការងារបញ្ជ្រាបយេនឌ័រ ថ្នាក់ក្រោមជាតិ។
គោលបំណងនៃការរៀបចំ វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ រួមមាន៖
-ដើម្បីបង្កើនការយល់ដឹង ពីទស្សនៈគន្លឹះ នៃសមភាពយេនឌ័រ និងបរិយាបន្នសង្គម
-ដើម្បីផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងឧបករណ៍ នៃការបញ្ជ្រាបសមភាពយេនឌ័រ និងបរិយាបន្នសង្គម
-ដើម្បីបង្កើនជំនាញ ដល់ក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងសុខាភិបាល ថ្នាក់ក្រោមជាតិ ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI)។
ក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី បានណែនាំសិក្ខាកាម ក្នុងការចូលរួមយ៉ាងសកម្ម និងត្រង់ត្រាប់ស្តាប់ការពន្យល់របស់គ្រូឧទ្ទេស ដើម្បីយល់ពីគោលគំនិត GESI និងការអនុវត្តការបញ្ជូល GESI ក្នុងវិស័យសុខាភិបាល និងអាចធ្វើសមាហរណកម្ម GESI នៅក្នុងការងារបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ មានការអញ្ជើញចូលរួមពីក្រុមការងារបញ្រ្ជាបយេនឌ័រ នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម ឧត្តរមានជ័យ ប៉ៃលិន កំពត ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង សរុបចំនួន ៤០រូប ក្នុងនោះមានស្រ្តីចំនួន ៣៥រូប។