រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
គោលបំណង នៃកិច្ចប្រជុំ ដើម្បីពិនិត្យ និងប្រមូលធាតុចូលលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឆ្នាំ២០២៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទិ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ ជារួមអង្គប្រជុំ មានការចូលរួមពិភាក្សាយ៉ាងផុលផុស និងទទួលបានធាតុចូលដោយពេញលេញ។
កិច្ចប្រជុំនេះ ក្រោមការដឹកនាំប្រជុំដោយ ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការ នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ។