Cambodia
ព័ត៌មានលំអិត

Image
ពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍កម្រិតខ្ពស់ (LQMS-2) ស្តីអំពីគម្រោងកែលម្អគុណភាពជំនាន់ទី៣
ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍កម្រិតខ្ពស់ (LQMS-2) ស្តីអំពីគម្រោងកែលម្អគុណភាពជំនាន់ទី៣។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធិផលនៃគម្រោងកែលម្អគុណភាពដែលបានអនុវត្តន៍ដោយក្រុមការងារមន្ទីរពិសោធន៍ដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលទាំង៩មន្ទីរពិសោធន៍ និងវឌ្ឍនភាពនៃក្រុមការងារមន្ទីរពិសោធន៍ជាតិទាំងដប់ ដែលបានចូលរួមទស្សនកិច្ចសិក្សានៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទៅលើការរៀបចំកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាព។

មន្ទីរពិសោធន៍ទាំង៩ ដែលត្រូវបានជ្រើសរើសចូលក្នុងកម្មវិធីបណ្តុះបណ្តាលជំនាន់ទី៣នេះរួមមាន៖ ១)មន្ទីរពិសោធន៍ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ២)មន្ទីរពិសោធន៍ នៃមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ៣)មន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកអង្គស្នួល ខេត្តកណ្តាល ៤)មន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកជីភូ ខេត្តស្វាយរៀង ៥)មន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ រាជធានីភ្នំពេញ ៦)មន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកអង្គរកា ខេត្តតាកែវ ៧)មន្ទីរពិសោធន៍នមន្ទីរពេទ្យបង្អែកថ្មពួក ខេត្តបន្ទាយមានជ័យ ៨)មន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកប៉ោយប៉េត ខេត្តបន្ទាយមានជ័យ ៩)មន្ទីរពិសោធន៍នៃមន្ទីរពេទ្យអនុស្សវរីយ៍ស៊ុនយ៉ាឃៀល ខេត្តកំពត។     

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺឆ្លងដោយវីរុសកូវីដ-១៩ ក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងលើកកំពស់គុណភាពសេវាសុខាភិបាល ហើយបានចាត់ទុកសេវាមន្ទីរពិសោធន៍នៅតាមគ្រឹះស្ថានសាធារណៈ និងឯកជននៅទូទាំងប្រទេសជា ស្នូលមួយរបស់វិស័យសុខាភិបាលក្នុងគោលដៅ  ទប់ស្កាត់ និងឆ្លើយតបទៅនឹងការផ្ទុះនៃជំងឺឆ្លង។ ដើម្បីសំរេចបាននូវគោលដៅនេះ ការលើកកំពស់គុណភាពសេវាមន្ទីរពិសោធន៍វេជ្ជសាស្រ្ត គឺជាការងារដែលត្រូវធ្វើជាចាំបាច់ និងមិនអាចពន្យាពេលបាន។

ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការដៃគូសហការទាំងអស់ ដែលបានផ្តល់ការគាំទ្រ ទាំងបច្ចេកទេស និងថវិកាដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ក្នុងការគាំទ្រកម្មវិធីបណ្តុះបណ្តាលផ្សេងៗកន្លងមក។ ជាពិសេស អង្គការ US-CDC និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលតែងតែចែករំលែកបច្ចេកវិទ្យា នៃការធ្វើតេស្តក៏ដូចជាការគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ស្របតាមនិយាមអន្តរជាតិ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យនាយក លោកជំទាវនាយករង នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោក លោកស្រី តំណាងមន្ទីរពេទ្យជាតិ តេជោសន្តិភាព មន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតំណាងមន្ទីរពិសោធន៍ជ័យលាភីទាំងអស់ ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19