រាជធានៅភ្នំពេញ៖ ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស.) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥។
អង្គប្រជុំបានពិនិត្យ និងសម្រេចលើរបាយការណ៍សមិទ្ធផល និងរបាយការណ៍ហិរញ្ញវត្ថុ ៩ខែ ដើមឆ្នាំ២០២៥ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងបានសម្រេចលើគោលការណ៍មួយចំនួន ក្នុងការពង្រឹងការបណ្តុះបណ្តាលនិស្សិត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ។ បន្ថែមពីនេះ ក្រុមប្រឹក្សាភិបាល ក៏បានសម្រេចលើការអនុញ្ញាត ជូនសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ធ្វើកិច្ចសហប្រតិបត្តិការ និងបន្តកិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិ ចំនួន ០៧ អង្គភាព ដើម្បីពង្រីកកាលានុវត្តភាព លើការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្តល់សេវា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យប្រធានក្រុមប្រឹក្សាភិបាល បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក សាកលវិទ្យាល័យ ដែលបានសម្រេចបានសមិទ្ធផលធំៗ លើការងារបណ្តុះបណ្តាល ការងារស្រាវជ្រាវ នវានុវត្តន៍ ការងារផ្តល់សេវា ការងារអភិបាលកិច្ចល្អ ការងារកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់កិត្យានុភាពសាកលវិទ្យាល័យ និងការទទួលស្គាល់គុណភាព ទាំងកម្រិតជាតិ និងអន្តរជាតិ ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសាទរចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលទទួលបានពិន្ទុខ្ពស់ ក្នុងការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់គ្រឹះស្ថានសាធារណ:រដ្ឋបាល។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាភិបាល ស.វ.ស. និងអ្នកពាក់ព័ន្ធ សរុបចំនួន ១១រូប។