ខេត្តកំពត៖ ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក និងជាសមាជិកនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ បានចូលរួមវិបស្សនាបូកសរុបលទ្ធផល នៃការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងកំណត់ទិដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ(គ វ ជ)។
វិបស្សនាបូកសរុប មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣០ និងទី៣១ ខែតុលា ឆ្នាំ២០២៥ មានគោលបំណងត្រួតពិនិត្យឡើងវិញ នូវការអនុវត្តរយៈពេល៧ឆ្នាំ កន្លងមក ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ពេលបច្ចុប្បន្ន និងកំណត់វិធានការកែលម្អ ដើម្បីពង្រីងប្រសិទ្ធភាព នៃការអនុវត្តអនុក្រឹត្យស្តីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។
វិបស្សនាខាងលើ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកនៃគណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេស ក្រសួងមុខងារសាធារណៈ រួមទាំងមន្ត្រីជំនាញផ្សេងទៀត ជាច្រើនរូបផងដែរ។