រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជិន វិសាល អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារ ចូលរួមចុះត្រួតពិនិត្យ និងប្រគល់-ទទួលសំណង់អគារមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង នៅរាជធានីភ្នំពេញ ជូនក្រសួងសុខាភិបាល។
សូមបញ្ជាក់ជូនថា អគារមន្ទីរពេទ្យនេះ សាងសង់ឡើង មានទំហំ ១០ម x ២២ម កម្ពស់ ៥ជាន់ ព្រមទាំងបំពាក់នូវសម្ភារ សម្រាប់ដំណើរការ ប្រតិបត្តិការរបស់មន្ទីរពេទ្យ ជាលទ្ធផល ឯកឧត្ដមអគ្គនាយក និងក្រុមការងារ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់នូវលក្ខណៈបច្ចេកទេស និងគុណភាពសំណង់ សមស្របតាមលក្ខខណ្ឌកិច្ចសន្យា និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។
ជាចុងក្រោយ ឯកឧត្ដម ជិន វិសាល អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកដាក់ ក្នុងការត្រួតពិនិត្យសំណង់អគារថ្មីនេះ ប្រកបដោយភាពជោគជ័យ ដើម្បីរួមចំណែកដ៏សំខាន់ ក្នុងការលើកស្ទួយ និងពង្រឹងគុណភាពសេវាសុខាភិបាល កាន់តែល្អប្រសើរជាងនេះ។