រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយ ក្រុមហ៊ុន BRIGHSPOT VENTURE PTD LTD. ដើម្បីពិភាក្សាការងារ និងសិក្សាស្វែងយល់អំពីឱកាសវិនិយោគ ក្នុងវិស័យសុខាភិបាល នៅប្រទេសកម្ពុជា។
ជាកិច្ចចាប់ផ្ដើមក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានសម្ដែងនូវស្វាគមន៍ លោក DMITRY BOLOTOV Director for International Sale Pharmasyntez តំណាងក្រុមហ៊ុន និងសហការី ចំពោះជំនួបពិភាក្សាការងារនាពេលនេះ។ ដោយក្នុងនោះលោក DMITRY BOLOTOV បានវាយតម្លៃយ៉ាងខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍឥតឈប់ឈរ និងឆាប់រហ័ស របស់ប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសវិស័យសុខាភិបាល គឺជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សក្នុងរយ:ពេលចុងក្រោយនេះ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដៃគូវិនិយោគ ដែលមានបំណង់ចូលរួមក្នុងវិស័យសុខាភិបាល តាមរយៈសំណើរគម្រោងវិនិយោគលើការបើករោងចក្រផលិតឱសថ និងបរិក្ខារវេជ្ជសាស្ត្រ ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។