រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១១ ខែវិឆ្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានគណកម្មការ សល្យសាស្រ្ត សម្ភព និងសណ្តំថ្នាក់ជាតិ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការដាក់ឱ្យដំណើរការកម្មវិធីភាពជាអ្នកដឹកនាំ ក្នុងការសម្រេចចិត្តផ្អែកលើទិន្នន័យ និងការពិនិត្យសេចក្តីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ២០២៥-២០៣០។
សូមបញ្ជាក់ថា ការកម្មវិធីភាពជាអ្នកដឹកនាំក្នុងការសម្រេចចិត្តផ្អែកលើទិន្នន័យ Data-Centered Leadership (DCL) បានរៀបចំឡើង ដើម្បីជំរុញការលើកកម្ពស់ប្រើប្រាស់ទិន្នន័យ សម្រាប់ការសម្រេចចិត្ត និងការកែលម្អរសេវាសុខាភិបាលនៅមន្ទីរពេទ្យជាតិ ជាពិសេសការលើកកម្ពស់ការបម្រើសេវាប្រកបដោយគុណភាព និងសុវត្ថិភាព។
ក្រសួងសុខាភិបាល បានចាប់ផ្តើមកម្មវិធីថ្មីមួយដែលមានឈ្មោះថា Data Centered-Leadership (DCL) និងកម្មវិធីភាពជាអ្នកដឹកនាំក្នុងការសម្រេចចិត្តផ្អែកលើទិន្នន័យ DCL នេះ គឺជាកម្មវិធីដែលជួយអ្នកគ្រប់គ្រងឬថ្នាក់ដឹកនាំ ផ្នែកសុខភាពសាធារណៈណ ជំរុញការប្រើប្រាស់ទិន្នន័យសម្រាប់ការសម្រេចចិត្ត និងកែលម្អសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យជាតិ។ កម្មវិធី DCL មានគោលបំណង ពង្រឹងជំនាញរបស់អ្នកគ្រប់គ្រងឬថ្នាក់ដឹកនាំ ដើម្បីគ្រប់គ្រង ប្រើប្រាស់ទិន្នន័យសម្រាប់ការសម្រេចចិត្តនិងការកែលម្អគុណភាពសេវា គោលបំណងទីពីរ វា ពង្រឹងជំនាញការអនុវត្តការប្រើប្រាស់និងវិភាគទិន្នន័យ។
បន្ថែមពីនេះ កិច្ចប្រជុំបានពិនិត្យលើសេចក្តីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពី សល្យសាស្រ្ត សម្ភព និងសណ្តំ ២០២៥-២០៣០ (NSOAP)។ ក្រសួងសុខាភិបាល មានគោលបំណង បញ្ចប់ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិខាងលើត្រឹមចុងឆ្នាំ២០២៥ នេះ។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងមន្ទីរពេទ្យជាតិ នាយកដ្ឋានចំណុះក្រសួងសុខាភិបាល និងអង្គការ Vital Strategies សរុបចំនួន ៣៥រូប។