Cambodia
ព័ត៌មានលំអិត

Image
ក្រសួងសុខាភិបាល និងធនាគារពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងឈានទៅរកការគ្របដណ្តប់សុខភាពជាសកល
ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម នៃធនាគារពិភពលោក និងក្រុមការងារ ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីផែនការគ្របដណ្តប់សុខភាពជាសកល ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ អាហារូបត្ថម្ភ សុខភាពមាតានិងទារក និងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការបន្ត។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសចំពោះគម្រោងអាហារូបត្ថម្ភ (Cambodian Nutrition Project-CNP) គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល គម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់កាលទី២ និងគម្រោងឆ្លើយតបគ្រោះអាសន្នកូវីដ-១៩។

លោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម នៃធនាគារពិភពលោក បានជម្រាបជូន  ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការគាំទ្ររបស់ធនាគារពិភពលោក បានចូលរួមចំណែកក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាងធនាគារពិភពលោក និងក្រសួងសុខាភិបាល។ បន្ថែមពីនេះទៀតកិច្ចប្រជុំបានផ្តោតលើអាទិភាពសំខាន់ៗរបស់ ក្រសួងសុខាភិបាល និងចំណុចបន្ស៊ីគ្នាដែលអាចទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ រួមទាំងធនាគារពិភពលោក។ កិច្ចប្រជុំបានពិភាក្សាអំពីលទ្ធផលការងារ កត្តាប្រឈម និងដំណោះស្រាយចំពោះ គម្រោងដែលនឹងត្រូវបានបញ្ចប់មានជាអាទិ៍ គម្រោងអាហារូបត្ថម្ភ (Cambodian Nutrition Project-CNP) គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល និងគម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់កាលទី២។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ការគាំទ្ររបស់ធនាគារពិភពលោក និងបានសំណូមពរ ឱ្យអ្នកជំនាញការ និងអ្នកបច្ចេកទេសរបស់ធនាគារពិភពលោក សហការ និងបន្តពិភាក្សាឱ្យបានជិតស្និតជាមួយនឹងគណៈគ្រប់គ្រងគម្រោងនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងធ្វើយ៉ាងណា ដើម្បីឱ្យសម្រេចបាននូវសូច្ចនករ ដែលបានកែសម្រួល។  ជាងនេះទៅទៀត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋរដ្ឋមន្ត្រី បានផ្តោតសំខាន់ថា គម្រោងខាងលើ គឺពិតជាមានសារៈសំខាន់ក្រៃលែង ដើម្បីចូលរួមចំណែក ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18