Cambodia
ព័ត៌មានលំអិត

Image
កិច្ចសន្ទនាជាមួយគណៈកម្មការរដ្ឋសភា ស្ដីពីការលើកកម្ពស់ភាពជាតំណាងដោយស្មើភាព និងបរិយាបន្នរបស់ស្ត្រី នៅក្នុងប្រព័ន្ធធ្វើសេចក្ដីសម្រេច របស់គណៈកម្មាធិការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) នៃអង្គការសហប្រជាជាតិ
ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ទី១៣  ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ដ្រី នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចសន្ទនាជាមួយគណៈកម្មការរដ្ឋសភាស្ដីពីការលើកកម្ពស់ភាពជាតំណាងដោយស្មើភាព និងបរិយាបន្ន របស់ស្ត្រីនៅក្នុងប្រព័ន្ធធ្វើសេចក្ដីសម្រេច របស់គណៈកម្មាធិការលុបបំបាត់រាល់ទម្រង់នៃ ការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) នៃអង្គការសហប្រជាជាតិ ក្រោមអធិបតីភាព លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅសណ្ឋាគារ Raffiles Hotel Le Royal Phnom Penh។

កិច្ចសន្ទនានេះមានគោលបំណង ៖               

- បង្កើនការគាំទ្រពីសភា ក៏ដូចជាការចូលរួមរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីលើអនុសញ្ញា CEDAW ដោយផ្តោតលើអនុសាសន៍ទូទៅលេខ ៤០ 

- ពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការសម្រេចនូវភាពជាតំណាង របស់ស្ត្រីប្រកបដោយ សមភាព និងបរិយាបន្ននៅក្នុងសភា និងនៅកម្រិតផ្សេងទៀតនៃអភិបាលកិច្ច និងតាមវិស័យនានា

- កំណត់ពីរបៀបប្រើប្រាស់អនុសាសន៍ទូទៅលេខ ៤០ ដើម្បីអនុវត្តកាតព្វកិច្ចដែលមានចែងក្នុងអនុសញ្ញា CEDAW និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅកម្ពុជាព្រមទាំងស្នើឡើងនូវ សកម្មភាពជាអាទិភាព។

លទ្ធផលរំពឹងទុកនៃកិច្ចសន្ទនា គឺជាអនុសាសន៍សម្រាប់សកម្មភាពស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជំរុញភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងវិស័យអភិបាលកិច្ច និងលើគ្រប់វិស័យនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចសន្ទនានេះ មានការចូលរួមពី គណៈកម្មការពាក់ព័ន្ធនៃរដ្ឋសភា សមាជិកនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី មន្ត្រីអគ្គលេខាធិការដ្ឋាន ក.ជ.ក.ស. អង្គការ UNWOMEN និងអ្នកពាក់ព័ន្ធសរុបចំនួន ៦៨ រូប។

Image 1
Image 2
Image 3
Image 4