Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព សម័យប្រជុំលើកទី១៤ អាណត្តិទី១
ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៤ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ 

កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗ ចំនួន ៣ដូចខាងក្រោម៖

១-ពិនិត្យលើរបាយការណ៍ បច្ចុប្បន្នភាព វឌ្ឍនភាព បច្ចេកទេសត្រីមាសទី៣ ឆ្នាំ២០២៥ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងទិសដៅឆ្នាំ២០២៦

២-ការពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ ត្រីមាសទី៣ ឆ្នាំ២០២៥

៣-ការពិនិត្យលើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្ម ឆ្នាំ២០២៥ និងផែនការលទ្ធកម្ម ឆ្នាំ២០២៦

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ បន្តការណែនាំដល់មន្ត្រីរាជការ និងគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ សមធម៌ និងការបណ្តុះបណ្តាលបច្ចេកទេសព្យាបាលថ្មីៗដល់មន្ដ្រីរាជការ និងបុគ្គលិក ដើម្បីការកាត់បន្ថយការចេញទៅទទួលសេវាព្យាបាលនៅក្រៅប្រទេស។

លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញឱ្យគណៈកម្មការមន្ទីរពេទ្យ ពន្លឿនផែនការក្នុងការបង្កើតមណ្ឌលព្យាបាលបេះដូង ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ ក្នុងការសង្គ្រោះ និងព្យាបាលទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋ។ លើសពីនេះ លោកជំទាវ រដ្ឋលេខាធិការ លើកទឹកចិត្តឱ្យគណៈកម្មការមន្ទីរពេទ្យ ពង្រីកសេវាកញ្ចប់ពិនិត្យសុខភាព ព្រមទាំងបន្តរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុងនិងក្រៅមន្ទីរពេទ្យឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងនូវអំណរគុណដល់ឯកឧត្តម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈ និងផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋកន្លងមក។ 

កិច្ចប្រជុំនេះ មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិត ស្រី វុធ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ   លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ នាយិការង ប្រធានការិយាល័យទាំងបី និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ១១រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8