រាជធានីភ្នំពេញ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងសុខាភិបាល បានអញ្ជើញចូលរួមវេទិកាជាតិ ស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី ដើម្បីទាំងអស់គ្នា» ក្រោមអធិបតីភាព សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។
វេទិកានេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់កម្រិត និងគ្រប់ជំនាន់ ដើម្បីចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ដូចបានចែងក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។
ចំណុចសំខាន់ៗ នៃវេទិកានេះរួមមាន៖
១. ស្ត្រី ក្មេងស្រី និងអ្នកពាក់ព័ន្ធ បានចែករំលែកបទពិសោធន៍និងទស្សនៈអំពីអ្នកដឹកនាំ
២. ទទួលបាននូវធាតុចូលសំខាន់ៗពាក់ព័ន្ធនឹងវិធានការ បញ្ហាប្រឈម កាលានុវត្តភាព និងផលជះជាវិជ្ជមាន ក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំដល់ស្ត្រី និងក្មេងស្រីនៅគ្រប់កម្រិតនិងគ្រប់ជំនាន់
៣. បណ្តាញថ្នាក់ដឹកនាំជាស្ត្រី និងក្មេងស្រីអន្តរជំនាន់នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងតាមសហគមន៍បានបង្កើត ពង្រឹង និងពង្រីក ប្រកបដោយសាមគ្គីភាព សំដៅបង្ហាញនូវការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មោះមុតក្នុងការចូលរួមអភិវឌ្ឍគ្រួសារ សហគមន៍ និងសង្គមជាតិប្រកបដោយចីរភាព។
គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចសន្ទនានេះមានការចូលរួមពីសមាជិការដ្ឋសភា និងព្រឹទ្ធសភា ទេសរដ្ឋមន្ត្រីជាស្ត្រី អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា អគ្គសវនក រនៃអាជ្ញាធរសវនកម្មជាតិ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងពាណិជ្ជកម្ម ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត និងកុងស៊ុលប្រចាំនៅកម្ពុជាជាស្ត្រី ដៃគូអភិវឌ្ឍ ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ប្រធានក្រុមការងារបញ្ជាបយេនឌ័រតាមក្រសួង ស្ថាប័ន រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាស្ត្រីនៅតាមក្រសួង ស្ថាប័ន និង អភិបាលនៃគណៈអភិបាលខេត្តជាស្ត្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌជាស្ត្រី មេឃុំ ចៅសង្កាត់ជាស្ត្រី និស្សិតសាកលវិទ្យាល័យនិងតំណាងអង្គការដៃគូពាក់ព័ន្ធផ្សេងទៀត សរុបចូលរួមដោយផ្ទាល់ចំនួន ៤៥០រូប និងចូលរួមតាមប្រព័ន្ធអនឡាញចំនួ ២ ០០០រូប។