រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ក្រុមការងារលើកកម្ពស់គុណភាព នៅទីស្តីការក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះ បានពិភាក្សាដើម្បីជំរុញឲ្យមាននិរន្តភាពជាលំដាប់នូវការងារពង្រឹងគុណភាពសេវាសុខាភិបាល ដោយដកស្រង់នូវបញ្ហាប្រឈម និងការងារអសកម្មនានា ព្រមទាំងដោះស្រាយឲ្យទាន់ពេលវេលា ដើម្បីពង្រឹងការបម្រើសេវាជូនប្រជាជន ប្រកបដោយគុណភាព និងសុវត្ថិភាព។
ជាកិច្ចបន្ទាប់ មានការបង្ហាញលទ្ធផល និងចែករំលែកបទពិសោធន៍ សកម្មភាពកែលម្អគុណភាព របស់មូលដ្ឋានសុខាភិបាល ដែលស្ថិតក្នុងរាជធានីភ្នំពេញ ស្តីពីការអនុវត្តយន្តការជាតិ តាមដានបង្កើនគុណភាពសេវាសុខាភិបាល។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងារ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលជាសមាជិកក្រុមការងារលើកកម្ពស់គុណភាព សមាគមអ្នកបម្រើសេវាសុខាភិបាលឯកជនកម្ពុជា គណៈវិជ្ជាជីវៈទាំង៥ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត ក្រុមអ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាលរាជធានី ខេត្ត និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ សរុបចំនួន ២១រូប និងតាមរយៈប្រព័ន្ធអនឡាញ ចំនួន ៧០រូប។