ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាព ស្ថានភាពការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ក្នុងខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យនេះធ្វើឡើងដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ឱ្យកាន់តែប្រសើរឡើង ដោយផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងនៅជុំវិញមណ្ឌលសុខភាព
២) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ
៣) ការធ្វើបដិសណ្ឋារកិច្ច ក្នុងការបម្រើសេវាថែទាំអ្នកជំងឺ
៤) ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស
៥) ការបណ្តុះបណ្តាលបន្ថែម លើបច្ចេកទេស និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល
៦) ការគ្រប់គ្រងឱសថ និងសម្ភារបរិក្ខារពេទ្យ
៧) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍
៨) ការជំរុញការថែទាំសុខភាពបឋម (BHC-BIF)។
ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវវេជ្ជបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលយកចិត្តទុកដាក់ និងខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមបញ្ជាក់ជូនថា មណ្ឌលសុខភាពដែលបានចុះពិនិត្យរួមមាន៖ មណ្ឌលសុខភាពប្រាសាទ, ភ្នំលៀប, រហាល, ព្រះនេត្រព្រះ, ជប់វារី, បុស្បូវ, ឈ្នួរមានជ័យ, ស្រះជីក, ប៉ោយចារ, បន្ទាយនាង, ចំណោម, សឿ និងប៉ុស្តិ៍សុខភាពខ្ចាស់។