Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី១ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ នៃក្រសួងសុខាភិបាល
ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល ជាសមាជិក សមាជិកា នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍  អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យមើលវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ប្រតិភូ នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសុខាភិបាល ដែលដឹកនាំដោយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ និងថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ធ្វើឱ្យសម្រេចជោគជ័យជាបន្តបន្ទាប់។  ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាទទួលបានកេរ្តិ៍ឈ្មោះក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលគោលដៅ ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន ៩២-១០០-៩៨។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស្នើក្រសួងសុខាភិបាលពង្រឹងការប្រមូលទិន្នន័យពីផ្នែកឯកជន ដើម្បីជំរុញគោលដៅ៩៥ទី១ និងការបន្ថយតអត្រាចម្លងមេរោគអេដស៍ពីមាតាទៅទារកឱ្យធ្លាក់ចុះទាបបន្ថែមទៀត។ 

កិច្ចបន្ទាប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ជូនដល់អជ្ញាធរអេដស៍ និងក្រុមការងារពាក់ព័ន្ធទាំងអស់ របស់ក្រសួងសុខាភិបាល មានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ដែលបានខិតខំ បំពេញបេសកកម្ម ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ ការកាត់បន្ថយការចម្លងមេរោគអេដស៍ ពីម្តាយទៅកូនឱ្យបានកាន់តែទាបបន្តទៀត។ 

ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក ជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៃក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17