រាជធានីភ្នំពេញ៖ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ Christina Laun ប្រធានទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (BMZ) ព្រមទាំងមានការចូលរួមពី ឯកឧត្តម Stefan Anton Masserer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាទៅលើ៖ ១) ពិភាក្សាលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និង ២) ពិនិត្យលើវិស័យអាទិភាពនានា និងតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត។
ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញធ្វើបទអន្តរាគមន៍ ស្តីពីសុខភាពតែមួយនៅកម្ពុជា ដែលគម្រោងនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងកិច្ចព្រមព្រៀងបច្ចេកទេស សម្រាប់គម្រោងសុខភាពតែមួយនៅកម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ គម្រោងសុខភាពតែមួយ គឺជាគម្រោងធំមួយ ដែលមានការចូលរួមជាអន្តរក្រសួង ក្នុងទិសដៅ ១) កាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (Anti-Microbial Resistance-AMR) ២) កាត់បន្ថយហានិភ័យ នៃជំងឺដែលឆ្លងពីសត្វមកមនុស្ស និងកាត់បន្ថយជំងឺឆ្លងនានា ៣) ស្រាវជ្រាវអំពីជំងឺឆ្លងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតដ៏ទៃទៀតដែលអាចកើតមាននាពេលអនាគត។
ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ) តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (KfW) ដែលជួយគាំទ្រដល់ការអនុវត្ត នៃគម្រោងសុខភាពតែមួយនៅកម្ពុជា។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ) តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (KfW) និងក្រសួង ស្ថាប័នពាក់ព័ន្ធ។