រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំប្រតិភូក្រសួងសុខាភិបាលមក ពីអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ (Manmohan Signh) អតីតនាយក រដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា នៅស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ បានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត គឺជារដ្ឋបុរសដ៏អស្ចារ្យ និងជានាយករដ្ឋមន្រ្តីមួយរូបក្នុងចំណោមនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសឥណ្ឌាឱ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើន។
ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនក្រុមគ្រួសារ ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ និងប្រជាជនឥណ្ឌា តាមរយៈមន្រ្តីស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចំពោះការបាត់បង់ ឯកឧត្តមបណ្ឌិតអតីតនាយករដ្ឋមន្ត្រី គឺជាការបាត់បង់នូវរដ្ឋបុរសមួយរូបដែលបានធ្វើពលិកម្មពេញមួយជីវិតរបស់អ្នកដឹកនាំ បែបបរវិត្តកម្ម និងមានចក្ខុវិស័យវែងឆ្ងាយចំពោះការអភិវឌ្ឍប្រទេសជាតិ និងប្រជាជនរបស់ខ្លួន។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសម្តែងនូវការចូលរួមរំលែកសមានទុក្ខ និងការអធិដ្ឋានជាមួយគ្រួសារសព ឯកឧត្តមបណ្ឌិតអតីតនាយករដ្ឋមន្ត្រីក្នុងគ្រាដ៏លំបាក និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិតអតីតនាយករដ្ឋមន្ត្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។