Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ មន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ
ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ មន្ទីរពេទ្យចំនួន១២ ជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ (Center of Excellence for Breastfeeding) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានសំដែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរដល់មន្ទីរពេទ្យទាំង១២ ដែលបានខិតខំប្រឹងប្រែងអនុវត្តរហូតក្លាយជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ។ លទ្ធផលទាំងនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីទាំងអស់ទើបទទួលបាននូវជោគជ័យដ៏ធំធេងនេះ។

លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ថា ការបំបៅកូនដោយទឹកដោះម្តាយនៅតែជាអាទិភាពសំខាន់របស់ក្រសួងសុខាភិបាល។ ការបំបៅកូនដោយទឹកដោះម្តាយពិតជាមានសារៈសំខាន់សម្រាប់សុខភាពទារក កុមារ និងមានផលចំណេញទាំងម្តាយទាំងកូន។ ដូចនេះគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ពិសេសផ្នែកសម្ភព ត្រូវជួយម្តាយឱ្យផ្តួចផ្តើមបំបៅកូនដោយទឹកដោះម្តាយក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល និងបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងអំឡុងពេលស្នាក់នៅមន្ទីរពេទ្យ។ ការបំបៅកូនដោយទឹកដោះម្តាយ គឺជាអន្តរាគមន៍មួយដ៏សក្កិសិទ្ធ សម្រាប់ឱ្យកុមាររស់រានមានជីវិត និងការអភិវឌ្ឍន៍បានល្អ។ ការបំបៅកូនដោយទឹកដោះម្តាយ គឺបានជួយសង្គ្រោះជីវិតទារក កុមារ ធ្វើឱ្យអាហារូបត្ថម្ភមានភាពប្រសើរឡើង ក៏ដូចជាពង្រឹងនូវប្រព័ន្ធភាពស៊ាំ និងជួយគាំទ្រការអភិវឌ្ឍន៍ចំណេះដឹង និងសុខមាលភាពរយះពេលវែង។ 

សូមជម្រាបផងដែរថា ចាប់តាំងពីឆ្នាំ២០២៣មក មានមន្ទីរពេទ្យចំនួន២០ បានចូលរួមអនុវត្តជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ (CoE) ក្នុងនោះមានមន្ទីរពេទ្យចំនួន១២ ទទួលបានជោគជ័យ ជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ រួមមាន៖  មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តកំពង់ចាម។

មុននឹងបញ្ចប់លោកជំទាវរដ្ឋលេខាធិការបានសំណូមពរដល់គ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ភាគីពាក់ព័ន្ធ សហគមន៍ សមាជិគ្រួសារ ប្រព័ន្ធផ្សព្វផ្សាយ សូមមេត្តាចូលរួមសហការ និងលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីជាឧត្តមប្រយោជ៍សម្រាប់កុមារកម្ពុជាយើង។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពី លោកស្រី Edel Cribbin ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ នៃស្ថានទូតអៀរឡង់ ទទួលបន្ទុកប្រទេសកម្ពុជា វៀតណាម ឡាវ លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក តំណាងក្រសួងកិច្ចការនារី តំណាង មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្តទាំង២៥ លោកស្រី សេង សុភាព នាយិកាអង្គការ FHI 360 ប្រចាំប្រទេសកម្ពុជា និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន១៧១នាក់ និងអ្នកចូលរួមតាមប្រព័ន្ធនិម្មិតចំនួន ៨៩០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19