រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងក្រុមការងារ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាព ប្រចាំឆ្នាំ២០២៥ និងការកំណត់អាទិភាព ឆ្នាំ២០២៦ រវាងរាជរដ្ឋាភិបាល និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ដឹកនាំដោយឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិកាគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Sandra Bernklau តំណាងUNFPA នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បី៖
១. ពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តសកម្មភាពធៀបនឹងគោលដៅប្រចាំឆ្នាំ
២. កំណត់បញ្ហាប្រឈម និងពិភាក្សាអំពីវិធានការដោះស្រាយ ព្រមទាំងកំណត់អាទិភាព និងតម្រូវការថ្មីៗ
៣. ឯកភាពលើអាទិភាពសំខាន់ៗ ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ផែនការការងារ ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវសាស្ត្រាចារ្យ បានលើកឡើងពីការជួយគាំទ្រ របស់អង្គការ UNFPA នៅក្នុងឆ្នាំ២០២៥ នេះ។ ក្រសួងសុខាភិបាល មានមោទនភាពក្រៃលែង ដោយយើងសម្រេចបាននូវសមិទ្ធិផលចំបងៗជាច្រើនរួមមាន ការបង្កើននូវគុណភាព និងការទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ការឆ្លើយតបទៅនឹងតម្រូវការ ផែនការគ្រួសារ ក៏ដូចជាសុខភាពមាតា និងទារក ជាពិសេស ថ្មីៗនេះ ក្រសួងសុខាភិបាល បានដាក់ឱ្យអនុត្តជាផ្លូវការ នូវយុទ្ធសាស្រ្តជាតិ ស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០៣០ ដែលយុទ្ធសាស្រ្តជាតិថ្មីនេះ ផ្តោតលើវិធីសាស្ត្រផ្អែកលើសិទ្ធិ និងជម្រើស ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោល ហើយយុទ្ធសាស្រ្តនេះ ក៏នឹងចូលរួមចំណែកដ៏ចាំបាច់ ដើម្បីឱ្យយើងអាចសម្រេចបាននូវយុទ្ធសាស្រ្តសុខាភិបាល ឆ្នាំ២០២៥-២០៣៤ និងការទទួលបានសេវាសុខាភាពជាសកល (Universal Health Coverage) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់កម្ពុជានាឆ្នាំ២០៣០។ យើងក៏បានបង្កើតប្រព័ន្ធឆ្លើយតបមរណភាពមាតា និងទារក ដែលតាមដានដោយផ្ទាល់ពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី។
ជាមួយគ្នានេះដែរ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានអនុញ្ញាតជូនលោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បង្ហាញពីសកម្មភាព ដែលបានអនុវត្តក្នុងឆ្នាំ២០២៥ បញ្ហាប្រឈម និងផែនការអាទិភាព សម្រាប់ឆ្នាំ២០២៦។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សមាជិក សមាជិកា មកពីក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងផែនការ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអង្គការដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងផ្នែកពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ៦០រូប។