រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «លំហាត់សមយុទ្ធផែនការឆ្លើយតបជំងឺរាតត្បាតផ្លូវដង្ហើមនៅកម្ពុជា»។
សិក្ខាសាលានេះ មានរយ:ពេលពីរថ្ងៃ និង មានគោលបំណងរួម ដើម្បីវាយតម្លៃ ដោយផ្អែកលើការពិនិត្យមើល និងតេស្តសាកល្បងនៃដំណើរការ និងការត្រៀមខ្លួនក្នុងប្រតិបត្តិការ ផែនការឆ្លើយតបជំងឺរាតត្បាតផ្លូវដង្ហើមនៅកម្ពុជា ដែលនឹងត្រូវកែសម្រួល ដើម្បីសម្របសម្រួល និងណែនាំសម្រាប់ធ្វើការឆ្លើយតបកម្រិតជាតិ ចំពោះជំងឺរាតត្បាតផ្លូវដង្ហើម ជាសកលថ្មីនៅថ្ងៃអនាគត។
កិច្ចពិភាក្សាក្នុងអង្គសិក្ខាសាលា ផ្តោតលើចំណុចសំខាន់ៗ ដូចជា (១) សាកល្បង និងវាយតម្លៃប្រសិទ្ធភាព នៃការសម្របសម្រួលពហុវិស័យ និងយន្តការចែករំលែកព័ត៌មាន ដែលមានចែងក្នុងផែនការ (២) បញ្ជាក់ និងពង្រឹងតួនាទី ការទទួលខុសត្រូវ និងការប្រាស្រ័យទាក់ទង រវាងភាគីពាក់ព័ន្ធពហុវិស័យ នៅទូទាំងដំណាក់កាលផ្សេងៗគ្នា នៃការលេចឡើងជំងឺរាតត្បាត ជាសកល (៣) វាយតម្លៃសមត្ថភាព និងដំណើរការទំនាក់ទំនងសាធារណៈ និងការប្រាស្រ័យទាក់ទងអំពីហានិភ័យ និងការចូលរួមរបស់សហគមន៍ ដែលបានពិពណ៌នានៅក្នុងផែនការ និង (៤) វាយតម្លៃកត្តាជំរុញការសម្រេចចិត្ត និងនីតិវិធីសម្រាប់បង្កើន និងបន្ថយសមាសភាគប្រតិបត្តិការ ដោយផ្តោតលើវិធានការសុខភាពសាធារណៈ នៅតាមច្រកចេញចូល។
សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយអង្គការសុខភាពពិភពលោក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចំនួន១៥ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូររគមនាគមន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងផែនការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងធម្មការនិងសាសនា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល) តំណាងអង្គការសុខភាពពិភពលោក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំង នាយកដ្ឋានចំណុះទីស្តីការក្រសួងសុខាភិបាល វិទ្យាស្ថានជាតិ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ចំនួន៩ សរុបអ្នកចូលរួមចំនួន ៤២រូប ។