Cambodia
ព័ត៌មានលំអិត

Image
ដំណើរទស្សនកិច្ច របស់គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ចុះពិនិត្យ វឌ្ឍនភាពការងារ និងស្វែងយល់ពីបញ្ហាប្រឈម និងការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យ ហ្លួង ម៉ែ
ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ ហ្លួង ម៉ែ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ អញ្ជើញចុះមកពិនិត្យ វឌ្ឍនភាពការងារ និងស្វែងយល់ពីបញ្ហាប្រឈម និងការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យ ហ្លួង ម៉ែ។

ក្នុងដំណើរទស្សនកិច្ច លោកជំទាវប្រធាន និងគណៈប្រតិភូ បានសួរសុខទុក្ខអ្នកជំងឺដែលកំពុងអង្គុយរង់ចាំ ទទួលសេវានៅមន្ទីរពេទ្យ និងពិនិត្យមើលដំណើរការ នៃការបម្រើសេវា សម្ភារបរិក្ខារ វឌ្ឍនភាពនៃការរីកចម្រើនរបស់មន្ទីរពេទ្យ និងជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ។

បន្ទាប់ពីបានការជួបពិភាក្សា និងពិនិត្យវឌ្ឍនភាព របស់មន្ទីរពេទ្យរួចមក លោកជំទាវប្រធាន បានធ្វើការវាយតម្លៃខ្ពស់ទៅលើក្រសួងសុខាភិបាល ដែលបានធ្វើសកម្មភាពយ៉ាងមោះមុត ប្រកបដោយលទ្ធផលខ្ពស់ ជាក់ស្ដែងនៅមន្ទីរពេទ្យ ហ្លួង ម៉ែ ក្នុងរយៈពេលជាង១ឆ្នាំនេះ មានការរីកចម្រើនយ៉ាងខ្លាំង ទាំងសម្ភារបរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពរបស់បុគ្គលិក ជាពិសេសថ្នាក់ដឹកនាំមន្ទីរពេទ្យក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំពិនិត្យ និងព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានក្រមសីលធម៌ជាជីវៈ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានគូសបញ្ជាក់អំពីការខិតខំ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្នុងការដឹកនាំ និងចុះដោយផ្ទាល់ នៅគ្រប់មូលដ្ឋានសុខាភិបាលដើម្បីពិនិត្យ និងជំរុញការបម្រើសេវាកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានធ្វើការចង្អុលបង្ហាញ និងដឹកនាំសកម្មភាព ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យ ហ្លួង ម៉ែ ក្លាយជាមន្ទីរពេទ្យឯកទេសផ្នែកជំងឺមហារីក ដែលមានលក្ខណៈទំនើបជឿនលឿន ដូចប្រទេសនៅក្នុងតំបន់ក៏ដូចជាសាកលលោក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9