រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រុមការងារសុខាភិបាល បានទទួលជួបស្វាគមន៍ និងប្រជុំពិភាក្សាការងារ ជាមួយប្រតិភូ Aspen Medical ដែលដឹកនាំដោយ លោក Guy Barnard អនុប្រធានផ្នែកអភិវឌ្ឍអាជីវកម្ម និងកំណើនតំបន់អាស៊ី។
ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការថ្លែងអំណរគុណពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់ Aspen Medical ដែលមានគោលបំណងគាំទ្រផែនការយុទ្ធសាស្ត្រសុខាភិបាល របស់ប្រទេសកម្ពុជា ឆ្នាំ២០២៥-២០៣៤។
លោក Guy Barnard ប្រធានប្រតិភូ និងជាអនុប្រធានផ្នែកអភិវឌ្ឍអាជីវកម្ម និងកំណើនតំបន់អាស៊ី បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដោយបានកោតសរសើរចំពោះប្រព័ន្ធថែទាំសុខភាព នៅកម្ពុជាដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសវិស័យមន្ទីរពេទ្យ។ ប្រតិភូក៏បានជម្រាបពីគោលបំណង រៀបចំគម្រោងសិក្សាលទ្ធភាពវិនិយោគសាងសង់មន្ទីរពេទ្យអន្តរជាតិនៅកម្ពុជា ស្របនឹងអាទិភាព តម្រូវការសុខភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្ថែមទៀតថា Aspen Medical មានបំណង ធ្វើការសិក្សាវាយតម្លៃតម្រូវការផ្សេងៗសម្រាប់គម្រោងសាងសង់មន្ទីរពេទ្យស្តង់ដារអន្តរជាតិថ្មីមួយ ដោយស្វែងយល់បន្ថែមអំពីអាទិភាពសុខភាពកម្រិតជាតិ និងតម្រូវការសុខភាពថ្នាក់តំបន់ ក្នុងគម្លាតសេវាកម្ម និងការអភិវឌ្ឍកម្លាំងពលកម្ម ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមគាំទ្រជាមួយក្រសួងសុខាភិបាលលើគោលដៅថែទាំសុខភាពប្រជាជន។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានលើកឡើងអំពីការគាំទ្ររបស់ក្រសួងសុខាភិបាល តាមរយៈការសហការជាមួយនាយកដ្ឋានជំនាញ មាននាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្នុងការចង្អុលបង្ហាញទិសដៅអភិវឌ្ឍផ្នែកមន្ទីរពេទ្យអោយចំគោលដៅ ឈរលើកិច្ចសហប្រតិបត្តិការរវាងសាធារណៈ និងឯកជន ដោយរួមបញ្ចូលទាំងទិសដៅបណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្រ្ត ដោយមិនអាចខ្វះបាន និងពិសេសរក្សាបានគន្លងផ្លូវគំរូឧត្តមភាពវិស័យឯកជន។