Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមមីទ្ទិញអបអរសាទរខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាចក្រី ហេង សំរិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២៥

៧ មករា ជាថៃ្ងបុណ្យជាតិដ៏សំខាន់ដើម្បីរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនខ្លួនឯងអស់ជាង ៣លាននាក់។ ក្នុងរបបប្រល័យនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម និងគ្មានសិទ្ធិសេរីភាពទាំងអស់។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ជារួម បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះដែរ។ ស្មារតី៧មករា មានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនកម្ពុជា និងជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លៃ ឬបំផ្លាញបាននោះឡើយ។


ជាមួយគ្នានេះ ៧ មករា ជាគុណតម្លៃនៃការយកជីវិតជាដើមទុនរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងការតស៊ូរំដោះជាតិ និងសង្គ្រោះជីវិតប្រជាជន និងជាតិពីចំនុចសូន្យ។ អ្វីដែលពិសេសបន្ថែមទៀត ៧ មករា ក្រោមស្មារតីបង្រួបបង្រួមជាតិ សាមគ្គីជាតិ និងនាំសន្តិភាពពេញលេញជូនជាតិ និងប្រជាជន ទើបអាចបង្កើតបាននយោបាយឈ្នះ ឈ្នះ បង្កើតឡើងដោយកូនខ្មែរសុទ្ធសាទ នាំសន្តិភាពពេញលេញ ដែលយើងបាត់បង់ជាង ៥០០ឆ្នាំមកហើយ។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់យើងគ្រប់គ្នា សម្រាប់ការអភិវឌ្ឍ និងអ្វីៗទាំងអស់ដូចសព្វថ្ងៃ។


រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11