រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ និង លោកជំទាវវេជ្ជបណ្ឌិត ប៉ែន
រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាពការងារ និង ពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិន សែនសុខ ជុំទី៤ ឆ្នាំ២០២៥។
គោលបំណងបេសកកម្មផ្តោតសំខាន់លើការងារ៖ (១) ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រង រដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែកគ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង(៤) ផ្នែកគ្រប់គ្រងឱសថ សម្ភារ បរិក្ខារពេទ្យ។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលបានអនុវត្ត តាមការណែនាំរបស់ក្រុមការងារក្រសួង បានឱ្យឃើញថាមានភាពប្រសើរឡើង បើធៀបទៅនិង លទ្ធផលការចុះត្រួតពិនិត្យ គុណភាពសេវាមន្ទីរពេទ្យបង្អែករាជធានីជុំទី៣ កន្លងមក កាលពីចុងឆ្នាំ២០២៤ ហើយបញ្ហា ប្រឈមនៅសេសសល់ និងសំណូមពរបន្ថែម នឹងត្រូវ បានបន្តដោះស្រាយជាបន្តបន្ទាប់។
ក្នុងឱកាសនោះដែរ ឯកឧត្តម និង លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថាបេសកកម្មខាងលើមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាល ក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិន សែនសុខ ។