ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងឹខាភិបាល បានចុះត្រួតពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងជួយពិនិត្យគាំទ្រការអនុវត្តការងារ និងលើកទឹកចិត្ត ដើម្បីជំរុញបង្កើនសមត្ថភាពគុណភាព ការបម្រើសេវាសុខាភិបាលកាន់តែល្អប្រសើរ មានប្រសិទ្ធភាពខ្ពស់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវា។
ការចុះត្រួតពិនិត្យនេះ ផ្តោតសំខាន់លើចំណុចមួយចំនួនរួមមាន៖
១. ធានាការបម្រើសេវា និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍
២. ការធ្វើបដិសណ្ឋារកិច្ច និងការបំពេញការងារប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ
៣. ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ និងបរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព
៤. ការពង្រឹងសមត្ថភាពបច្ចេកទេសសុខាភិបាល និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគាំទ្រ
៥. ការគ្រប់គ្រង និងការរក្សាឱសថ សម្ភារ និងបរិក្ខារពេទ្យ
៦. ការរៀបចំនិយាមលំហូរ ការទទួលពិនិត្យ និងព្យាបាលអ្នកជំងឺ (Triage)
៧. ការរៀបចំផែនការសកម្មភាព និងការតាមដានពិនិត្យវឌ្ឍនភាពការងារ
៨. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងសេវាបញ្ចូនអ្នកជំងឺ
៩. ស្វែងយល់ពីឬសគល់នៃបញ្ហា និងរិះរកដំណោះស្រាយឱ្យចំគោលដៅ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិតនិងក្រុមកាងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ ព្យាបាល ជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ជូនថា បេសកកម្មខាងលើបានចុះពិនិត្យតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ចំនួនសរុប ៩ ក្នុងនោះខេត្តព្រះវិហាររួមមាន៖ មណ្ឌលសុខភាពរវៀង មណ្ឌលសុខភាពពើក មណ្ឌលសុខភាពស្អាង មណ្ឌលសុខភាពប្រមេរុ មណ្ឌលសុខភាពម្លូព្រៃ ប៉ុស្តិ៍សុខភាពពុទ្រា ប៉ុស្តិ៍សុខភាពព្រឹងធំ និងក្នុងខេត្តឧត្តរមានជ័យរួមមាន៖ មណ្ឌលសុខភាពដីក្រហម និងមណ្ឌលសុខភាពអូរក្រូច។