រាជធានីភ្នំពេញ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងវគ្គសិក្ខាសាលស្តីពី ការពង្រឹងការបណ្តុះបណ្តាលដោយយកសមត្ថភាពគោល នៅតាមបណ្តាគ្រឹះស្ថានកម្មសិក្សា។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានថ្លែងអំណរគុណ ចំពោះគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ដែលបាន និងបន្តខិតខំចូលរួមយ៉ាងសកម្មទទួល និងបណ្តុះបណ្តាលនិស្សិតគ្រប់កម្រឹតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការចុះកម្មសិក្សា។
ឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកថា វិធីសាស្រ្ត នៃការបណ្តុះបណ្តាលនិស្សិត សំដៅផ្តោតលើសមត្ថភាព (Competency Based Education - CBE) ដោយការបង្រៀនទ្រឹស្តី និងការអនុវត្តផ្ទាល់នៅមន្ទីរពិសោធន៍ បង្ហាញត្រាប់ជាមួយសម្ភារបរិក្ខារទំនើបៗ មុននឹងចុះអនុវត្តផ្ទាល់ជាមួយអ្នកជំងឺ ដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានធ្វើតាំងពីឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ន។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំថ្នាក់ដឹកនាំទទួលបន្ទុកកម្មសិក្សា គ្រូបង្ហាត់នៅតាមអង្គភាពសុខាភិបាល ខិតខំពន្យល់និស្សិតពីតម្រូវការអប្បបរមា ដែលសាកលវិទ្យាល័យបានដាក់ជូន ដើម្បីធានាបានគុណភាព និងសមត្ថភាពវិជ្ជាជីវៈកម្រឹតខ្ពស់។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានពាំនាំនូវអនុសាសន៍ណែនាំ របស់ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី ឈាង រ៉ា ជូនអង្គពិធីរួមមាន៖
១. នាយកមន្ទីរពេទ្យ អង្គភាពកម្មសិក្សាទាំងអស់ត្រូវមើលដោយផ្ទាល់ នូវដំណើរការរលូនរបស់កម្មសិក្សានិស្សិត និងផ្តល់នូវភាពប្រាកដប្រជា នៃការអនុវត្តគ្លីនិក និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈជាចាំបាច់បំផុត។
២. ទាំងសាកលវិទ្យាល័យ ទាំងទីតាំងកម្មសិក្សាមូលដ្ឋានសុខាភិបាល ត្រូវចូលរួមជាមួយគ្នារៀបចំមគ្គុទ្ទេសក៍ណែនាំជាជំនួយស្មារតី នៃកម្មសិក្សានិស្សិត ឱ្យកាន់តែប្រសើរ សំដៅការអនុវត្តន៍ប្រសិទ្ធភាព។
៣. អង្គភាពសុខាភិបាល ដែលទទួលកម្មសិក្សា ត្រូវប្រាកដថាមានអ្នកសម្របសម្រួលទទួលភារៈកិច្ចកម្មសិក្សាតាមកម្រឹតបណ្តុះបណ្តាល ដែលជាការចាំបាច់ត្រួតពិនិត្យ វាយតម្លៃ និងពិនិត្យវឌ្ឍនភាព។
៤. ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់កម្រិត ត្រូវចូលរួមគ្រប់កិច្ចការទាំងទងនឹងការបណ្តុះបណ្តាល ដោយផ្តល់អាទិភាពឱ្យមន្រ្តីដែលមានសមត្ថភាពជំនាញទទួលខុសត្រូវក្នុងការបណ្តុះបណ្តាល ចូលរួមជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឱ្យបានគុតមុត និងដោយប្រសិទ្ធភាព។
សិក្ខាសាលានាពេលនេះធ្វើឡើងដើម្បីពង្រឹងគុណភាពកម្មសិក្សាបណ្តុះបណ្តាលការអនុវត្តន៍ ដោយប្រើប្រាស់យុទ្ធវិធីសំខាន់ៗ ចំនួន៣ រួមមាន៖ ១. ការពង្រឹងនូវលទ្ធភាព ទទួលកម្មសិក្សានៅតាមគ្រឹះស្ថានកម្មសិក្សាជាដៃគូ មុននឹងបញ្ជូល និស្សិតទៅធ្វើកម្មសិក្សា ២. ការកែលម្អនូវសៀវភៅណែនាំកម្មសិក្សា ដោយរួមមានការកំណត់នូវចំនួនសមត្ថភាពជំនាញ ដែលនិស្សិតត្រូវបំពេញជាអប្បបរមា ៣. ការប្រើប្រាស់នូវឯកសារ portfolio សម្រាប់ជួយកត់ត្រា នូវការអនុវត្តជាក់ស្តែងរបស់និស្សិត និងសម្រាប់កត់ត្រានូវការផ្តល់យោបល់ណែនាំដោយផ្ទាល់ លើករណីនីមួយៗពីសំណាក់គ្រូដឹកនាំកម្មសិក្សា។
សូមបញ្ជាក៎ថា វគ្គបណ្តុះវណ្តាលនេះ មានការអញ្ជើញចូលរួមពីតំណាងអង្គភាពសម្ព័ន្ធកម្មសិក្សាចំនួន ៥៥ នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត មហាវិទ្យាល័យទន្តវទនសាស្រ្ត និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល តាមបណ្តារាជធានី ខេត្ត និងតាមប្រព័ន្ធ Online សរុបចំនួ ២០០រូប។