រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត លើកទី២៤ របស់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ «រួមគ្នាសង្គ្រោះជីវិតមាតា និងទារក»។
ដើម្បីកាត់បន្ថយ អត្រាមរណភាពមាតា និងទារក កម្ពុជាត្រូវពឹងផ្អែកទាំងស្រុងលើក្រសួងសុខាភិបាល និងសមត្ថភាព វិជ្ជាជីវៈរបស់វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេសសាស្ត្រាចារ្យផ្នែកសម្ភព និងរោគស្ត្រីទាំងអស់គ្នា ដែលចូលរួមដោះស្រាយបញ្ហាលំបាកពេលសម្រាល និងជៀសវាងការសម្រាលមួយ ដែលមានគ្រោះថ្នាក់ ដល់ជីវិតមាតា ដែលយើងអាចការពារបាន និងមិនឱ្យកើតឡើងជាដដែលៗទៅអនាគត។
លោកជំទាវសាស្រ្តាចារ្យ បានផ្តល់ជាអនុសាសន៍ណែនាំមួយចំនួន ដល់សមាជិក សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ដូចខាងក្រោម៖
១) ត្រូវយកចិត្តទុកដាក់ក្នុងការតាមដានផ្ទៃពោះ របស់ស្រ្តីជាម្តាយ យ៉ាងតិច ៤ដង
២) ត្រូវពិនិត្យ និងតាមដានសុខភាពស្រ្តីមានផ្ទៃពោះ ពីជំងឺផ្សេងៗ
៣) ប្រធានមូលដ្ឋានសុខាភិបាល ចុះទៅពិនិត្យកន្លែងសម្រាល ឲ្យបានញឹកញាប់ និងរាយការណ៍រាល់ថ្ងៃ អំពីការសម្រាល
៤) ត្រូវពង្រឹងសម្ថតភាព បច្ចេកទេសឲ្យកាន់តែប្រសើរ
៥) ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្ពស់ក្នុងការជួយសង្រ្គោះជីវិតទារក ដែលទើបនឹងកើត
៦) ថ្នាក់ដឹកនាំគ្រប់អង្គភាពសាធារណៈ និងឯកជន ត្រូវយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំដោះស្រាយបញ្ហា
៧) ត្រូវយកចិត្តទុកដាក់ពិនិត្យ និងតាមដានសុខភាពម្តាយ និងទារក ក្រោយពេលសម្រាល ដែលជាការចាំបាច់
៨) ធ្វើការណែនាំស្រ្តីមានផ្ទៃពោះ កុំឲ្យប្រើប្រាស់ស្រាថ្នាំបូរាណ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទាំងម្តាយ និងកូន
៩) ណែនាំស្រ្តីមានផ្ទៃពោះ កុំឲ្យប្រើប្រាស់ឱសថ ដោយគ្មានការពិគ្រោះយោបល់ពីគ្រូពេទ្យជំនាញ។
ជាទីបញ្ចប់ លោកជំទាវសាស្រ្តាចារ្យ បានកោតសរសើរចំពោះសមាគម ក្នុងការដឹកនាំ រៀបចំឲ្យមានសន្និបាតជាទៀងទាត់ ដែលបញ្ជាក់ឲ្យឃើញនូវសាមគ្គីភាពរឹងមាំ មានជំហរស្មារតីទទួលខុសត្រូវ និងដើម្បី
ចូលរួមខិតខំបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាមរណភាពមាតាឲ្យនៅទាប
ឈានទៅសម្រេចបានគោលដៅ ដែលបានកំណត់ ក្នុងឆ្នាំ២០៣០។
សន្និបាតនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី នាង កញ្ញា ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា សរុបចំនួន ២៧០រាប និងតាមប្រព័ន្ធនិម្មិត ចំនួន ៥៣រូប។