Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងពង្រឹងគុណភាពនៃការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តកំពង់ស្ពឺ
ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២០ និងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យមើលវឌ្ឍនភាព និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពមួយចំនួន ក្នុងខេត្តកំពង់ស្ពឺ។

បេសកកម្មនេះ មានបំណងដើម្បីជំរុញការធ្វើឱ្យប្រសើរឡើងការបម្រើសេវា និងបង្កើនគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងក្នុងសហគមន៍ ស្របតាមសេចក្តីណែនាំស្តីពី សំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព (MPA Guidelines) និងក្របខ័ណ្ឌអនុវត្ត ការជំរុញបង្កើនការងារ ថែទាំសុខភាពបឋម ( PHC-BIF) របស់ ក្រសួងសុខាភិបាល ។

គួរកត់សំគាល់ថា បន្ទាប់ពីបញ្ចប់ការពិនិត្យមើលការងារ និងកិច្ចសន្ទនាជាមួយមន្ត្រី បុគ្គលិក តំណាងមណ្ឌលសុខភាពនីមួយៗ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់ព័ត៌មាន និងអនុសាសន៍ត្រឡប់ ជូនដល់មន្រ្តី បុគ្គលិកមណ្ឌលសុខភាពទាំង៥ ត្រូវបង្កើនការយកចិត្តទុកដាក់ លើសេវាថែទាំសុខភាពជាអទិភាព ពិសេស សេវាជំងឺទូទៅ សេវាសុខភាពមាតា និងទារក សេវាជំងឺមិនឆ្លង និងជំងឺឆ្លង ការរក្សាអនាម័យល្អ ព្រមទាំងការយកចិត្តទុកដាក់លើគុណភាពសេវា និងធានាឱ្យបាន នូវការយាមប្រចាំការ ២៤ ម៉ោង/២៤ ម៉ោង។

សូមបញ្ជាក់ថា មណ្ឌលសុខភាពទាំង៥  ដែលបានចុះពិនិត្យរួមមាន មណ្ឌលសុខភាពត្រពាំងជោ មណ្ឌលសុខភាពជាស៊ីមឱរ៉ាល់ មណ្ឌលសុខភាពរលាក់កងជើង មណ្ឌលសុខភាពអមលាំង និងមណ្ឌលសុខភាពអូរគគី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6