រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ឯកឧត្តមវេជ្ជបណ្ឌិតសាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ឱ្យដំណើរការផែនការវិនិយោគ វិស័យទឹកស្អាត និងអនាម័យជនបទ (WASH Business Plan) ឆ្នាំ២០២៦-២០៣០ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំប្រទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
សិក្ខាសាលាផ្សព្វផ្សាយ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ ១) ដើម្បីជំរុញឱ្យមានការគាំទ្រផែនការទឹកស្អាត និងអនាម័យ (២០២៦-២០៣០) ក្រោមប្រធានបទ “ផែនទីខ្សែទឹកពណ៌ខៀវ” (Mapping the Blue Thread) ២) ផ្សព្វផ្សាយដល់ស្ថាប័នរដ្ឋាភិបាល ក្រសួង ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងៗ ពីគំនិតផ្តួចផ្តើមថ្មីៗ នៃគម្រោងផែនការទឹកស្អាត និងអនាម័យសម្រាប់ឆ្នាំ២០២៦-២០៣០ (WASH Bussiness Plan 2026-30) និង៣) អំពាវនាវឱ្យមានចក្ខុវិស័យរួម និងសហប្រត្តិបត្តិការរួមគ្នា ក្នុងការអនុវត្តកម្មវិធី ទឹកស្អាតនិង អនាម័យនៅកម្ពុជា។
លោក Janes Imanuel Ginting នាយកប្រចាំប្រទេស អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា បានជម្រាបជូនអំពីអំពីវឌ្ឍនភាពគួរជាទីមោទនៈ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ លើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈការសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ និងការបណ្តុះបណ្តាលគណៈកម្មការគ្រប់គ្រងទឹក ព្រមទាំងការចូលរួមចំណែកឆ្លើយតបនាអំឡុងពេលគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ក៏ដូចជាផ្តល់ការគាំទ្រលើផ្នែកទឹកស្អាត និងអនាម័យ ដល់ជនភៀសសឹកផងដែរ ។
ក្នុងឱកាសនេះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានជម្រាបជូនអំពីយុទ្ធសាស្ដ្របញ្ចកោណ និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្ដជម្រាបជូនអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។
ឯកឧត្ដមរដ្ឋមន្រ្ដី បានគូសបញ្ជាក់ជូនថា ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានកំណត់គោលដៅពង្រីកវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់កម្ពុជា (CSDGs) ផងដែរ។
ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំនិងអនុវត្តដោយជោគជ័យនូវផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២ជំហានកន្លងមកហើយ ដោយបានបង្កើនអាត្រាទទួលបានសេវាទឹកស្អាត និងអនាម័យជនបទរហូតដល់ ៩២% ដែលក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៩% និងការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៥% ហើយរាជធានី ខេត្ត ទាំង២៥ នៅទូទាំងប្រទេសសម្រេចបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ហើយ កម្ពុជានឹងមានទឹកស្អាតប្រើប្រាស់ ក្នុងអាត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០។