Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលគាំទ្រពង្រឹងបន្ថែម ផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យបង្អែក ក្នុងខេត្តស្វាយរៀង
ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យមន្ទីរពេទ្យជាតិ ចុះអភិបាលគាំទ្រពង្រឹងសមត្ថភាពបន្ថែម ផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូន របស់មន្ទីរពេទ្យបង្អែករមាសហែក និងមន្ទីរពេទ្យស្វាយជ្រុំ ក្នុងខេត្តស្វាយរៀង។

គោលបំណងនៃការចុះអភិបាលគាំទ្រនេះ ដើម្បីពិនិត្យវឌ្ឍនភាព និងគាំទ្រអំពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងពិនិត្យនីតិវិធីស្តង់ដា នៃប្រព័ន្ធបញ្ជូនអ្នកជំងឺរួមមាន៖

១) ត្រួតពិនិត្យនីតិវិធីនៃការបញ្ជូនអ្នកជំងឺ

២) បង្កើនការទំនាក់ទំនងក្នុងប្រព័ន្ធបញ្ជូន  ដើម្បីទទួលបានព័ត៌មានទាន់ពេលវេលា

៣) ការគ្រប់គ្រង និងថែទាំរថយន្តគិលានសង្គ្រោះ ត្រួតពិនិត្យជាប្រចាំ ដោយត្រូវបង្កើត Logbook សម្រាប់រថយន្តគិលានសង្រ្គោះ ដើម្បីកត់ត្រា និងត្រូវមានរបាយការណ៍ប្រចាំខែ សម្រាប់ការបញ្ជូន  

៤) ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកពាក់ពន្ធ័ដទៃទៀត ត្រូវត្រួតពិនិត្យសម្ភារបរិក្ខារវេជ្ជសាស្ត្រ និងឱសថជាប់ជាប្រចាំ

៥) បណ្តុះបណ្តាលធនធានមនុស្ស ក្នុងផ្នែកសង្រ្គោះបន្ទាន់ និងក្រុមរថយន្តគិលានសង្រ្គោះ ដោយត្រូវបណ្តុះបណ្តាលជាប់ជាបន្ត ដើម្បីទទួលបានគុណភាព ប្រសិទ្ធភាព នៃការអនុវត្តការងារឱ្យចំគោលដៅ

៦) ត្រូវមានកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាពិសេសចំពោះអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ និងអ្នកជំងឺក្នុងសហគមន៍ ដើម្បីអន្តរាគមន៍ទាន់ពេលវេលា។

ក្នុងដំណើរចុះអភិបាលគាំទ្រនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារបានផ្តល់ការណែនាំបង្ហាត់បង្ហាញទៅដល់ ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យទាំងអស់ និងបានចូលរួម ពិនិត្យផ្តល់យោបល់ក្នុងការពង្រឹងសមត្ថភាព និងគុណភាពនៃការផ្តល់សេវា ក៏ដូចជាការផ្តល់យោបល់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ កាន់តែមានសោភ័ណភាព និងអនាម័យ។

ក្នុងដំណើរចុះអភិបាលគាំទ្រនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានចុះត្រួតពិនិត្យមើលការងារជួសជុលកែលម្អរចនាសម្ព័ន្ធ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្ម និងបន្ទប់វះកាត់ នៃមន្ទីរពេទ្យបង្អែករមាសហែក ដែលជាគម្រោងកែលម្អមន្ទីរពេទ្យ ទាំង៦១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលបច្ចុប្បន្នកំពុងមមាញឹកក្នុងការងារសាងសង់ ដែលគ្រោងបញ្ចប់ក្នុងចុងឆ្នាំ២០២៥ នេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានទទួលការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ក្នុងខេត្តស្វាយរៀង ដែលបានខិតខំបំពេញការងារផ្តល់សេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។

ការចុះពិនិត្យនេះ មានការសម្របសម្រួលចូលរួមពី មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែករមាសហែក និងមន្ទីរពេទ្យស្វាយជ្រុំ ព្រមជាមួយលោកសាស្រ្តាចារ្យដែលជាគ្រូបង្គោលថ្នាក់ជាតិមកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14