រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារបេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM) លើកទី៦ ស្តីពីពិនិត្យតាមដានការអនុវត្ត និងវឌ្ឍនភាព នៃកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ដោយប្រើប្រាស់តេស្ត HPV នៅកម្ពុជា នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ២ (H-EQIP 2)។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ដោយប្រើប្រាស់តេស្ត HPV នៅកម្ពុជា។ ការពិភាក្សានេះ ផ្តោតសំខាន់លើ ការពិនិត្យមើលវឌ្ឍនភាព និងដោះសារបញ្ហាប្រឈមដែលកើតមាន និងការត្រៀមឱ្យរួចរាល់លើសមត្ថភាពរបស់ មន្ត្រី បុគ្គលិកមន្ទីរពេទ្យ មន្ទីរពិសោធន៍ និងឆ្មប នៅតាមមណ្ឌលសុខភាព ដើម្បីអនុវត្តន៍កម្មវិធីពិនិត្យស្រាវជ្រាវរក និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ប្រកបប្រសិទ្ធភាព។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកអនុប្រធាននាយកដ្ឋានការពារសុខភាព លោកអនុប្រធាននាយកដ្ឋានសុខាភិបាលឌីជីថល លោកស្រីប្រធានអង្គភាពលទ្ធកម្ម តំណាងមន្ទីរពិសោធន៍វេជ្ជសាស្រ្តបង្អែកជាតិនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងនាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ តំណាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម តំណាងធនាគារពិភពលោកប្រចាំកម្ពុជា ដៃគូហិរញ្ញប្បទាន និងក្រុមការងារពាក់ព័ន្ធទាំងអស់ នៃគម្រោង H-EQIP 2។