ខេត្តមណ្ឌលគិរី៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយឯកឧត្តមវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យខេត្ត ក្រោមឱវាទមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តមណ្ឌលគិរី។
គោលបំណងនៃបេសកកម្ម ផ្តោតលើប្រាំពីរផ្នែកសំខាន់ៗរួមមាន៖ (១) ហេដ្ឋារចនាសម្ព័ន្ធ និងរថយន្តគិលានសង្គ្រោះ (២) ធនធានមនុស្ស និងបណ្តុះបណ្តាល (៣) សេវាគ្លីនិក (ផ្នែកសង្គ្រោះបន្ទាន់ ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៍ ផ្នែកវះកាត់ និងផ្នែកសម្ភព-រោគស្រ្តី និងផ្នែកសុខភាពមាត់-ធ្មេញ) (៤) ឱសថ ឧបករណ៍ សម្ភារៈ បរិក្ខារពេទ្យ (៥) ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ (៦) ការលើកកម្ពស់គុណភាពសេវា និង (៧) លក្ខខណ្ឌច្បាប់ និងកិច្ចការរដ្ឋបាល។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងការកោតសរសើរ ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាល ដែលបានខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្តខ្ពស់ ក្នុងការងារបម្រើសេវាសុខាភិបាលជូនប្រជាជនទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងណែនាំដល់មន្រ្តី បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ពង្រឹងសមត្ថភាពការងារ និយាមវិជ្ជាជីវៈ ការបដិសណ្ឋារកិច្ចល្អ មានឥរិយាបថទន់ភ្លន់ រួសរាយរាក់ទាក់ ក្នុងការបម្រើសេវាប្រកបដោយប្រសិទ្ធិភាព គុណភាព សុវត្ថិភាព និងជំនឿទុកចិត្ត។
ក្រោយសកម្មភាពចុះត្រួតពិនិត្យ ក្រុមការងារក៏មានកិច្ចប្រជុំបូកសរុបការងារ និងផ្តល់ព័ត៌មានត្រឡប់ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត និងមន្រ្តីក្រោមឱវាទ ដើម្បីពិភាក្សា ដោះស្រាយបញ្ហាប្រឈម និងលើកផែនការអភិវឌ្ឍន៍ ធ្វើយ៉ាងណាឱ្យមានការរីកចម្រើន ដើម្បីបម្រើសេវាជូនប្រជាជនប្រកបដោយគុណភាព សុវត្ថិភាព ស្របតាមគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលអាណត្តិទី៧៕