Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារបច្ចេកទេស រៀបចំសេចក្តីណែនាំអនុវត្តគោលនយោបាយ ស្តីពី ការចូលរួមរបស់សហគមន៍ ដើម្បីសុខភាព
ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស រៀបចំសេចក្តីណែនាំអនុវត្តគោលនយោបាយ ស្តីពីការចូលរួមរបស់សហគមន៍ ដើម្បីសុខភាពបានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីរៀបចំសេចក្តីណែនាំអនុវត្តគោលនយោបាយ ស្តីពីការចូលរួមរបស់សហគមន៍ ដើម្បីសុខភាព។ 

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងរៀបចំសេចក្តីណែនាំអនុវត្តគោលនយោបាយ ស្តីពីការចូលរួមរបស់សហគមន៍ ដើម្បីយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងសង្គតិភាពស្របតាមគោលនយោបាយ និងភាពច្បាស់លាស់ ក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការ នៃដំណាក់ការធ្វើប្រតិភូកម្មមុខងារទៅថ្នាក់ក្រោមជាតិ។ 

ឯកឧត្តមប្រធានប្រធានអង្គប្រជុំ ក៏បានដឹកនាំការពិភាក្សាអំពីតួនាទីរបស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងជាពិសេសផ្តល់អនុសាសន៍ជាក់លាក់ ស្តីពី ការកំណត់តួនាទី សមមភាពយែនឌ័រ និងដំណើរការនៃការជ្រើសរើស ក្រុមទ្រទ្រង់ សុខភាពភូមិ ឱ្យមានលក្ខណៈសមញ្ញ និងងាយស្រួលក្នុងការអនុវត្ត ស្របតាមគោលនយោបាយនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀត ទម្រង់នៃការលើកទឹកចិត្តដល់ក្រុមទ្រទ្រង់សុខភាពភូមិជាថវិកា និងមិនមែនថវិកា ក៏ត្រូវបានលើកយកមកពិភាក្សា និងរកដំណោះស្រាយយ៉ាងល្អិតល្អន់ ដើម្បីបញ្ចូលក្នុង សេចក្តីណែនាំអនុវត្តគោលនយោបាយ ស្តីពីការចូលរួមរបស់សហគមន៍ ដើម្បីសុខភាព។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សមាជិក នៃក្រុមការងារបច្ចេកទេស ដែលមានឯកឧត្ដម លោកជំទាវ និងលោក លោកស្រី ដែលជាតំណាងមជ្ឈមណ្ឌលជាតិ នាយកដ្ឋាន ក្រោមទីស្តីការក្រសួងសុខាភិបាល តំណាងអញ្ជើញមកពីលេខាធិការដ្ឋាន គ.ជ.អ.ប. និងនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃក្រសួងមហាផ្ទៃ តំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង និងខេត្តព្រះវិហារ សរុបចំនួន ៤៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6