Cambodia
ព័ត៌មានលំអិត

Image
វេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រ លើកទី១ ដើម្បីពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក
ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានអញ្ជើញចូលរួមវេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រ លើកទី១ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើសារៈសំខាន់ នៃការកសាងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ឱ្យកាន់តែរឹងមាំ និងលើកកម្ពស់សមត្ថភាពសហគ្រាស ធុនតូច  និងមធ្យមក្នុងស្រុក ឱ្យក្លាយជាកម្លាំងជំរុញបរិវត្តកម្មឧស្សាហកម្ម។

វេទិកានេះ បានពិភាក្សាលើសសរស្តម្ភចំនួនបីគឺ ការកំណត់ ប្រភេទអាជីវកម្មកំពុងលូតលាស់ និងមានសក្តានុពលខ្ពស់ ការបង្កើតខ្សែច្រវាក់តភ្ជាប់ រវាងការផ្គត់ផ្គង់ និងតម្រូវការ ទាំងក្នុងស្រុក បង្គ្រប់ការនាំចូល ជំនួសការនាំចូល និងបង្កើនការនាំចេញ និងការពង្រឹងបរិយាកាសអំណោយផល សម្រាប់សក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រនៅកម្ពុជា។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់ផលិតផលអាទិភាពក្នុងអនុវិស័យចំនួន៧ ដែលផ្តល់ឱកាសទីផ្សារភ្លាមៗ និងភាពពាក់ព័ន្ធជាយុទ្ធសាស្រ្ត សម្រាប់ការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងឧស្សាហកម្មប្រតិគមន៍របស់កម្ពុជា ដែលរួមមានអនុវិស័យវាយនភ័ណ្ឌ អាហារ និងភេសជ្ជៈ កៅស៊ូ និងផ្លាស្ទិក កម្មន្តសាលគីមី និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ កម្មន្តសាលគ្រឿងបង្គំយានយន្ត និងអេឡិចត្រូនិច ការវេចខ្ចប់ និងផ្លាកសញ្ញា និងគ្រឿងសង្ហារឹម។

តាមរយៈវេទិកានេះ ក្រសួងមានគោលបំណងកៀងគរ ការវិនិយោគក្នុងស្រុក នៅក្នុងអនុវិស័យសក្តានុពលទាំង៧ ពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ រវាងសហគ្រាសធុនតូច និងមធ្យម ជាមួយនឹងរោងចក្រធុនធំ និងឧស្សាហកម្ម លើកកម្ពស់សមត្ថភាព និងគុណភាពផលិតផល តាមរយៈការចាប់យកបច្ចេកវិទ្យា គ្រឿងម៉ាស៊ីន ឌីជីថលភាវូបនីយកម្ម ជំរុញការអនុវត្តតាមស្តង់ដារជាតិ និងអន្តរជាតិ ដូចជា ISO GMP និង GHP ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងពង្រីកការនាំចេញរបស់សហគ្រាស កម្ពុជា។

វេទិកានេះបានប្រមូលផ្តុំអ្នកវិនិយោគ មកពីសមាគមឧកញ៉ាកម្ពុជា អ្នកដឹកនាំឧស្សាហកម្ម ក្រុមហ៊ុនពហុជាតិ សហគ្រាសផលិតក្នុងស្រុក ដែលមានសក្តានុពល ដៃគូអភិវឌ្ឍន៍ និងអ្នករៀបចំគោលនយោបាយប្រមាណ ២៥០រូប។

Image 1
Image 2
Image 3
Image 4
Image 5