រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុង កិច្ចប្រជុំពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធលើការសិក្សាស្រាវជ្រាវ ស្តីពី “ការវិភាគទីផ្សារការងារ សម្រាប់កម្លាំងពលកម្មក្នុងវិស័យសុខាភិបាលកម្ពុជា”។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីបង្ហាញនូវពិធីសារការសិក្សាស្រាវជ្រាវ និងទិដ្ឋភាពទូទៅ នៃការវិភាគទីផ្សារការងារ សម្រាប់កម្លាំងពលកម្មសុខាភិបាល និងពិភាក្សាប្រមូលធាតុចូលបន្ថែម ដើម្បីកែសម្រួលពិធីសាររបស់ការសិក្សា កាន់តែមានភាពគ្រប់ជ្រុងជ្រោយ រួមទាំងផ្តល់ជាទិសដៅដល់ការប្រមូល និងវិភាគទិន្នន័យ។
ក្រុមការងារ វិទ្យាស្ថានជាតិសុខភាពសាធារណៈ សហការជាមួយអង្គការសុខភាពពិភពលោក ក្នុងការប្រមូលនូវភស្តុតាងវិទ្យាសាស្ត្រ ដើម្បីចូលរួមពង្រឹងការអភិវឌ្ឍធនធានមនុស្ស សម្រាប់វិស័យសុខាភិបាលនៅកម្ពុជា លើការរៀបចំការបណ្តុះបណ្តាល ការគ្រប់គ្រងធនធានមនុស្ស និងការតាមដាននូវចរន្ត របស់កម្លាំងពលក្នុងការផលិត គ្រប់គ្រង និងការប្រើប្រាស់។ ការសិក្សានេះក៏នឹងអាចឱ្យដឹងពីសមាសភាពកម្លាំងពលកម្ម និងតម្រូវការធនធានមនុស្ស សម្រាប់វិស័យសុខាភិបាលនាពេលអនាគត។ តាមរយៈការសិក្សា ក៏នឹងផ្តល់ឲ្យមន្ត្រីជំនាញស្រាវជា្រវ របស់វិទ្យាស្ថាន កាន់តែមានបទពិសោធន៍ និងយកនូវចំណេះជំនាញក្នុងការបណ្តុះបណ្តាលបន្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធ សរុបចំនួន ៣៤រូប ដែលអញ្ជើញមកពីគណៈកម្មការត្រួតពិនិត្យការអនុវត្តផែនការធនធានមនុស្សសុខាភិបាល អង្គភាពចំណុះក្រសួងសុខាភិបាល (ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាលសាធារណៈ និងឯកជន គណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ និងដៃគូអភិវឌ្ឍន៍ រួមមាន WHO JICA UNFPA CHAI UNICEF។