សិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤
ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥
ខេត្តបាត់ដំបង៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក សមាជិកនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ បានចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតវិទ្យាល័យ ក្រោមអធិបតីភាព របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ(គ វ ជ) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានគោលបំណងនាំយកនូវបទពិសោធន៍ ចែករំលែកគ្នាទៅវិញទៅមក លើការងារដឹកនាំ និងគ្រប់គ្រងវិទ្យាល័យ ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការពង្រឹងការគ្រប់គ្រង និងកែលម្អគុណភាពផ្តល់សេវាសាធារណៈ ដល់សិស្សានុសិស្ស និងអាណាព្យាបាល ក៏ដូចសហគមន៍ នៅក្នុងអង្គភាពរបស់ខ្លួន កាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញតាមរយៈវិធានការគន្លឹះ ក្នុងវិស័យសុខាភិបាល។
សិក្ខាសាលាបានជម្រុញការលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ជាពិសេសប្រធានអង្គភាព បានដាក់ពាក្យចូលរួមការប្រកួតប្រជែងក្នុងការជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សេវាសាធារណៈរបស់រដ្ឋ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិក នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមុខងារ សាធារណៈ ឯកឧត្តមអភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងកម្រិត៣ទូទាំងប្រទេស រួមទាំងមន្ត្រីជំនាញជាច្រើនរូបផងដែរ។