Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម
ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំ លើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់(SOM) ដឹកនាំដោយសហប្រធាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានមន្រ្តីជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ដាំង យ័ងយ៉ាង អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានមន្រ្តីជាន់ខ្ពស់ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូតំណាងក្រសួង ស្ថាប័ន អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ទាំង២ប្រទេស សរុបជាង១០០រូប។

កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងប្រកាសរួម នៃកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និង សេចក្តីប្រកាសព័ត៌មានរួម ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គពិនិត្យ និងសម្រេច។

នារសៀលថ្ងៃដដែល គឺកិច្ចប្រជុំពេញអង្គ(ថ្នាក់រដ្ឋមន្ត្រី) សហភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងសហភាគីវៀតណាម ដឹកនាំដោយ ឯកឧត្តម ប៊ួយ ថាញ់សឺន ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តិទៅក្រោមប្រធានបទ "សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន ប្រកបដោយចិរភាព” ក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព សាមគ្គីភាព  និងយោគយល់គ្នាទៅវិញទៅមក។

កិច្ចប្រជុំបានវាយតំលៃខ្ពស់ ចំពោះលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ ចន្លោះកិច្ចប្រជុំលើកទី១២ និងលើកទី១៣ នេះ រួមទាំងវិស័យសុខាភិបាលផងដែរ ព្រមទាំងកោតសរសើរដល់ក្រុមការងារមន្រ្តីជាន់ខ្ពស់ ទាំងថ្នាក់ជាតិ  និងថ្នាក់ក្រោមជាតិ លើគ្រប់វិស័យដែលបានសហការរៀបចំឯកសា រដ៏មានសារៈសំខាន់ចំនួនពីរ គឺ ១) សេចក្តីប្រកាសរួម (Joint Statement) សម្រាប់អនុវត្តការងារបន្ត និង ២) សេចក្តីប្រកាសព័ត៌មានរួម (Joint Press Release)។

ភាគីទាំង២ បានឯកភាពគ្នាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាល។ ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តបន្តថែរក្សាទំនាក់ទំនង ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម តាមទិសស្លោក "អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឋិតថេរ រឹងមាំ យូរអង្វែង"។ ភាគីទាំង២ ក៏បានឯកភាពរៀបចំកិច្ចប្រជុំលើកទី១៤ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម  នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាឆ្នាំ២០២៦ តាមពេលវេលាសមស្រប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10