រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM) លើកទី៦ ស្តីពី ការពិនិត្យតាមដានការអនុវត្ត លើវឌ្ឍនភាព និងដំណោះស្រាយបញ្ហាប្រឈម លើកម្មវិធីជំងឺមិនឆ្លង ក្នុងការត្រួតពិនិត្យរកជំងឺទឹកនោមផ្អែម និងជំងឺឡើងសម្ពាធឈាម នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ២ (H-EQIP 2)។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព នៃការត្រួតពិនិត្យរកជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម (HDST) ដោយផ្តោតសំខាន់លើ សមិទ្ធផល នៃផែនការសកម្មភាព និងក្របខណ្ឌតាមដានវឌ្ឍនភាព ជាប្រចាំលើ សកម្មភាពដែលបានកែលម្អរ បន្ទាប់ពីទទួលបានទិន្នន័យ ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម (HDST) ពីមូលដ្ឋានសុខាភិបាល និងបញ្ហាប្រឈមសំខាន់ៗ ដែលជួបប្រទះក្នុងការអនុវត្តគម្រោង។
ក្នុងកិច្ចប្រជុំបានពិភាក្សាយ៉ាងផុលផុស ដើម្បីរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រ ដែលអាចជំរុញ និងពន្លឿនដំណើរការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីអាចឈានដល់គោលដៅ ដែលបានគ្រោងទុក។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោក តឹក សុភឿន អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានសុខាភិបាលឌីជីថល លោកអនុប្រធាននាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ លោកអនុប្រធាននាយកដ្ឋានការពារសុខភាព តំណាងពីអង្គការCHAI តំណាងធនាគារពិភពលោកប្រចាំកម្ពុជា ដៃគូហិរញ្ញប្បទាន និងក្រុមការងារពាក់ព័ន្ធទាំងអស់ នៃគម្រោង H-EQIP 2។