ខេត្តត្បូងឃ្មុំ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព នៅក្នុងខេត្តចំនួន៧ (ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) បានចុះពិនិត្យស្ថានភាពសុខាភិបាលថ្នាក់មណ្ឌលសុខភាព ចំនួន១៤ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាព នៃព្រះរាជាណាចក្រកម្ពុជា។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១) ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍
២) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព
៣) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ
៤) ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ
៥) ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស
៦) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល
៧) ការគ្រប់គ្រងឱសថ និងសម្ភារបរិក្ខារ និង
៨) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានទទួលការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារផ្តល់សេវាសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។
គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យនោះ ក៏មានការចូលរួមសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ អនុប្រធានមន្ទីរសុខាភិបាល ប្រធាន និងអនុប្រធានការិយាល័យស្រុកប្រតិបត្តិ និងមន្រ្តីសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំគ្រប់ជាន់ថ្នាក់។