ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញចុះអភិបាលកិច្ចគាំទ្រ ក្រោយបណ្តុះបណ្តាល ផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស៊ីធរកណ្តាល មន្ទីរពេទ្យបង្អែកស្វាយអន្ទរ ដើម្បីពិនិត្យអំពីដំណើការ សេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងពិនិត្យនីតិវិធីស្តង់ដានៃប្រព័ន្ធបញ្ជូនអ្នកជំងឺ។
គោលបំណងនៃការចុះអភិបាលមានដូចខាងក្រោម៖
១.ពិនិត្យប្រព័ន្ធបញ្ជូនអ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ ដើម្បីធានាបានថាមានភាពរហ័ស និងប្រសិទ្ធភាព
២.ការត្រួតពិនិត្យនីតិវិធីសុវត្ថិភាពបញ្ជូន
៣.ការពិនិត្យសម្ភារ បរិក្ខារ រថយន្តសង្គ្រោះបន្ទាន់ និងចុះពិនិត្យអាគារសង្រោះបន្ទាន់ មន្ទីរពេទ្យ ដើម្បីធានាបានថាអាចដំណើរការបានប្រកបដោយប្រសិទ្ធភាព
៤.ពង្រឹងសមត្ថភាពបច្ចេកទេសក្រោយការបណ្តុះបណ្តាល
៥.ពិភាក្សាស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ អនុរដ្ឋលេខាធិការ បានណែនាំអំពីការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងវិធីនៃការបញ្ជូន និងសេវាសង្គ្រោះបន្ទាន់ ដើម្បីពង្រឹងសេវាសុខាភិបាលឱ្យកាន់តែមានគុណភាព។
បេសសកម្មនេះ មានការចូលរួមដំណើរដោយក្រុមការងារបច្ចេកទេស ជាគ្រូបង្គោលមកពីមន្ទីរពេទ្យព្រះអង្គឌួង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស៊ីរធរកណ្ដាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយអន្ទរ ប្រធានមន្ទីរពេទ្យបង្អែក ក្រុមគ្រូពេទ្យកំពុងបម្រើការងារក្នុងផ្នែកសង្រ្គោះបន្ទាន់ ផ្នែកទទួលជំងឺដំបូង ផ្នែកវេជ្ជសាស្រ្តទូទៅ វះកាត់ ថ្នាក់ដឹកនាំការិយាល័យ បច្ចេកទេសនិងរដ្ឋបាល។
ឆ្លៀតក្នុងក្នុងដំណើរ បេសកកម្មនេះឯកឧត្តមសាស្រ្តាចារ្យ អនុរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យស្ថានភាព នៅមណ្ឌលសុខភាព ស្ថិតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកកោះសូទិន ចំនួន ០៥ ផងដែរ រួមមាន៖ មណ្ឌលសុខភាពពង្រមហាលាភ មណ្ឌលសុខភាពល្វេ មណ្ឌលសុខភាពកំពង់រាប មណ្ឌលសុខភាពមហាខ្ញូង និងមណ្ឌលសុខភាពព្រែកតានង់។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ អនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុកពីឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តី សុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុងគ្រប់មូលដ្ឋាន។