Cambodia
ព័ត៌មានលំអិត

Image
ទិវាអភិវឌ្ឈន៍វិជ្ជាជីវៈបន្ត របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ
ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៥

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ ត្រូវរួមគ្នាការពារ និងលើកកម្ពស់កិត្តិយស ក៏ដូចជាឥស្សរភាព នៃវិជ្ជាជីវៈពេទ្យនៅកម្ពុជា ដើម្បីបន្តកសាងជំនឿ និងទំនុកចិត្តខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅនេះ គ្រូពេទ្យម្នាក់ៗត្រូវខិតខំស្រាវជ្រាវចំណេះដឹង និងវិទ្យាសាស្ត្រថ្មីៗឱ្យទាន់សម័យ មានជំនាញ និងបទពិសោធន៍ការងារច្បាស់លាស់ ដោយបម្រើសេវាជូនប្រជាជន ដោយយកគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ជាត្រីវិស័យក្នុងការសម្រេចចិត្ត។

លើសពីនេះ គ្រូពេទ្យត្រូវមានក្តីមេត្តាករុណា ចេះយល់ចិត្តអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចាត់ទុកផលប្រយោជន៍អ្នកជំងឺជាធំ។ ជាពិសេស គ្រូពេទ្យត្រូវមានទំនាក់ទំនងល្អប្រសើរជាមួយសហភាតរៈ និងសាធារណជន ព្រមទាំងគោរពច្បាប់ បទដ្ឋានគតិយុត្ត និងវិន័យការងារឱ្យបានម៉ឺងម៉ាត់បំផុត។

ក្នុងអង្គពិធីនេះដែរ ឯកឧត្តម ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ក៏បានធ្វើបទបង្ហាញជូនអង្គពិធីអំពីបេសកកម្មរបស់គណៈគ្រូពេទ្យ និង «ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា» ផងដែរ។

សូមបញ្ជាក់ថា ទិវានេះមានអ្នកចូលរួមផ្ទាល់ចំនួន ២០០រូប និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ចំនួន ១០០០រូប៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12