Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាអំពី “វឌ្ឍនភាពផ្នែកបច្ចេកទេស ក្នុងការអនុវត្តកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន”
ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលក្នុងការពង្រឹងគុណភាពជំងឺមហារីក និងពង្រឹងគុណភាពថែទាំព្យាបាលជំងឺឆ្លងពីម្តាយទៅទារក បានដឹកនាំកិច្ចប្រជុំ ស្តីពី “ការពិនិត្យវឌ្ឍនភាពផ្នែកបច្ចេកទេស ក្នុងការអនុវត្តកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន”។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងឯកភាពរួមគ្នាលើការងារផ្នែកបច្ចេកទេស ក្នុងកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន។

អង្គប្រជុំបានពិភាក្សា និងផ្តល់យោបល់លើទិសដៅអនុវត្ត “Triage Dual-stain” ជាជម្រើសបច្ចេកទេសមួយ ក្នុងការពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ដោយផ្អែកលើគោលការណ៍ណែនាំ របស់អង្គការសុខភាពពិភពលោក (WHO 2024)។

ក្នុងការពិភាក្សា អង្គប្រជុំក៏បានលើកឡើងពីសារៈសំខាន់ នៃការចូលរួមរបស់មន្ទីរពេទ្យខេត្ត ក្នុងការអនុវត្តផ្នែកបច្ចេកទេស ដែលអាចលើកកម្ពស់ចំណេះដឹង និងជំនាញបច្ចេកទេស របស់បុគ្គលិកសុខាភិបាល នៅថ្នាក់ក្រោមជាតិ និងអាចជួយឱ្យការបម្រើសេវាកាន់តែប្រសើរឡើង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា គ្រូបង្គោលថ្នាក់ជាតិអញ្ជើញមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក លោក លោកស្រីតំណាងនាយកដ្ឋានការពារសុខភាព តំណាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម តំណាងអង្គការមេត្តាករុណាកម្ពុជា តំណាងអង្គការ JICA តំណាងមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងតំណាងក្រុមហ៊ុន Roche សរុបអ្នកចូលរួមចំនួន ៣៤រូប។

Image 1
Image 2
Image 3
Image 4