រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព. ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រតិភូអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ (IOM) ដឹកនាំដោយលោកស្រី Ms Nellie Ghusayni ប្រធានបេសកកម្ម ដើម្បីពង្រឹងកិច្ចសហការលើសុខភាពពលករចំណាកស្រុក និងការត្រៀមខ្លួនសម្រាប់សុខភាពសាធារណៈ។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះអង្គការ IOM លើការប្តេជ្ញាចិត្តយូរអង្វែង និងកិច្ចសហការជិតស្និទ្ធជាមួយប្រទេសកម្ពុជា ដោយបានដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អសុខភាពពលករចំណាកស្រុក បង្កើនការត្រៀមខ្លួនសម្រាប់សុខភាពសាធារណៈ និងកសាងប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាប័ន្ន។ ក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះជំនាញបច្ចេកទេស ការគាំទ្រប្រតិបត្តិការ និងការឆ្លើយតបទៅនឹងតម្រូវការថ្មីៗរបស់អង្គការ IOM ជាពិសេសក្នុងអំឡុងពេលដ៏សំខាន់ដូចជាការឆ្លើយតបនៃជំងឺកូវីដ-១៩ និងក្នុងគំនិតផ្តួចផ្តើមសុខភាពឆ្លងដែន។
អង្គការ IOM បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សេវាសុខភាពចំណាកស្រុក ការកែលម្អការឃ្លាំមើលជំងឺ និងការកសាងប្រព័ន្ធសុខាភិបាលដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការគំរាមកំហែងសុខភាពបច្ចុប្បន្ន និងដែលកំពុងកើតមាន។
លោកស្រី Nellie Ghusayni ប្រធានបេសកកម្ម (IOM) បានវាយតម្លៃខ្ពស់ និងកោតសរសើររាជរដ្ឋាភិបាល ជាពិសេសភាពជាអ្នកដឹកនាំរបស់ក្រសួងសុខាភិបាល ក្នុងការយកចិត្តទុកដាក់លើសុខភាពប្រជាជនដែលបានធ្វើចំណាកស្រុក និងភាសសឹក នៅតាមបណ្តោយព្រំដែន ទាំងការបង្ការ និងព្យាបាលជំងឺបន្ទាន់ និងជំងឺរ៉ាំរ៉ៃ។ លោកស្រីបានលើកឡើងនូវវិស័យសហប្រតិបត្តិការជាច្រើនដែលទទួលបានជោគជ័យ ក្រោមការអនុវត្តផ្ទាល់រវាង IOM និងអង្គភាពប្រតិបត្តិករក្រោមឱវាទក្រសួងសុខាភិបាល ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សេវាសុខភាពចំណាកស្រុក ការកែលម្អការឃ្លាំមើលជំងឺ និងការកសាងប្រព័ន្ធសុខាភិបាលដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការគំរាមកំហែងសុខភាពបច្ចុប្បន្ន និងដែលកំពុងកើតមាន។
ភាគីទាំងពីរ បានពិភាក្សាអំពីវិស័យកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដោយផ្តោតបន្ថែមលើការពង្រឹងការត្រៀមខ្លួនសុខភាពសាធារណៈសម្រាប់គ្រាអាសន្នទាក់ទងនឹងអាកាសធាតុ។ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានលើកទឹកចិត្តអង្គការ IOM អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នា ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត កម្មវិធីជាតិ មជ្ឈមណ្ឌលជាតិពាក់ព័ន្ធ ព្រមទាំងមូលដ្ឋានសុខាភិបាលសាធារណៈ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល ក្នុងការគិតគូរដោយយកចិត្តទុកដាក់ខ្ពស់បំផុត អំពីសុខភាព និងសុខុមាលភាពរបស់ប្រជាជនចំណាកស្រុក និងប្រជាជនចល័តនៅគ្រប់ទីកន្លែង។