Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ស្តីពីការចាប់ផ្តើមអនុវត្តការងាររបស់គម្រោងសុខភាពតែមួយនៅកម្ពុជា (OH4CAM)
ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC) និង លោកស្រី Andrea Godon, Principal Portfolio Manager នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ជាសហដឹកនាំកិច្ចប្រជុំ ស្តីពីការចាប់ផ្តើមអនុវត្តការងាររបស់គម្រោងសុខភាពតែមួយនៅកម្ពុជា (OH4CAM) ។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីបង្ហាញអំពី៖

- គោលការណ៍ណែនាំ និងតួនាទីសំខាន់ៗ

- នីតិវិធី នៃការប្រតិបត្តិការថវិការបស់គម្រោង 

- នីតិវិធី នៃកញ្ចប់លទ្ធកម្ម (procurement packages) 

- កំណត់អាទិភាព កិច្ចការបន្តផ្សេងៗ

ក្នុងនេះដែរ គម្រោងសុខភាពតែមួយ គឺជាគម្រោងធំមួយ ដែលមានការចូលរួមជាអន្តរក្រសួង ក្នុងទិសដៅ ១) កាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (Anti-Microbial Resistance-AMR) ២) កាត់បន្ថយហានិភ័យ នៃជំងឺដែលឆ្លងពីសត្វមកមនុស្ស និងកាត់បន្ថយជំងឺឆ្លងនានា ៣) ស្រាវជ្រាវអំពីជំងឺឆ្លងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតដ៏ទៃទៀតដែលអាចកើតមាននាពេលអនាគត។

ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីជំរុញ និងពន្លឿនការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ដោយសូមឱ្យមានការបណ្តុះបណ្តាលស្វែងយល់ពីទិដ្ឋភាព គោលនយោបាល គោលការណ៍ បែបបទរដ្ឋបាល  នីតិវិធីលទ្ធកម្ម ថវិកា ការអនុវត្តសមស្របទៅតាមពេលវេលា ជាពិសេសការទំនាក់ទំនងរវាងអន្តរក្រសួង ដើម្បីឈានទៅដល់គោលដៅដែលបានគ្រោង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធាន IMCC-OH ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន IMCC-OH  ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធាន IMCC-OH ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន តំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងអង្គការ PATH ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10