Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យលទ្ធផល នៃការដាក់ពាក្យប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ និងកំណត់វិធានការអនុវត្ត
ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក ជាសមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ) លោកវេជ្ជបណ្ឌិត លី វិជ្ជារ៉ាវុធ ប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត លឹម ខាន់គ្រីការ អនុប្រធានការិយាល័យនៃនាយកដ្ឋានមន្ទីរពេទ្យជាសមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួង បានចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផល នៃការដាក់ពាក្យប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ និងកំណត់វិធានការអនុវត្ត ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាននៃ គ.វ.ជ.នៅសាលាភូមិន្ទរដ្ឋបាល។

កិច្ចប្រជុំបានពិនិត្យ និងទទួលស្គាល់អង្គភាពទាំង២ វិស័យ មានចំនួន១៤៩ អង្គភាព មកពី ២៥ រាជធានី ខេត្តទូទាំងប្រទេស ដើម្បីចូលរួមប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥។ អង្គភាព១៤៩ ក្នុងចំណោមអង្គភាពសរុបចំនួន ៤៤៩០ បានឆ្លងកាត់ការវាយតម្លៃតាមលក្ខណៈវិនិច្ឆ័យយ៉ាងល្អិតល្អន់ នៅកម្រិតក្រុង ស្រុក ខណ្ឌ និងកម្រិតរាជធានី ខេត្ត រួចមកហើយ ចុងក្រោយនេះ រដ្ឋបាលរាជធានី ខេត្ត បានបញ្ជូន អង្គភាពកម្រិតសាលាបឋមសិក្សាចំនួន៥០អង្គភាព អនុវិទ្យាល័យចំនួន៤៩អង្គភាព និងមណ្ឌលសុខភាពចំនួន៥០អង្គភាព ដើម្បីមកចូលរួមប្រកួតប្រជែងថ្នាក់ជាតិ ក្នុងឆ្នាំ២០២៥។

កិច្ចប្រជុំនេះ មានការចូលរួមពីគណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ. អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

Image 1
Image 2
Image 3
Image 4
Image 5