Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកវគ្គសិក្ខាសាលា ស្តីពីការកំណត់ធនធាន និងទំនួលខុសត្រូវ សម្រាប់កិច្ចការងារពង្រឹងប្រព័ន្ធនិយ័តកម្មឱសថនៅកម្ពុជា
ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ហុក    គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គសិក្ខាសាលា ស្តីពីការកំណត់ធនធាន និងទំនួលខុសត្រូវ សម្រាប់កិច្ចការងារពង្រឹងប្រព័ន្ធនិយ័តកម្មឱសថនៅកម្ពុជា។

ឯកឧត្តមអគ្គនាយក បានបញ្ជាក់ជូនអង្គសិក្ខាសាលាអំពី គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃផលិតផលឱសថ និងវ៉ាក់សាំង គឺមានសារៈសំខាន់ណាស់ នៅក្នុងប្រព័ន្ធសុខាភិបាល ដែលត្រូវពង្រឹង ឱ្យកាន់តែរឹងមាំ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ អាទិភាពទី១ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដោយផ្តោតលើការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យសុខាភិបាល ឱ្យទទួលបានលទ្ធផលល្អប្រសើរ ស្របតាមសេចក្តីត្រូវការរបស់ប្រជាជន ក្នុងការទទួលបានសេវាថែទាំសុខភាពបឋមចាប់ពី មណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យគ្រប់កម្រិត។

ដើម្បីសម្រេចបាន អង្គភាពដែលមានប្រព័ន្ធនិយ័តកម្មឱសថជាតិកម្រិត៣ (WHO Maturity Level 3) តាមការកំណត់ នៅក្នុងឆ្នាំ ២០២៨ ដូចបណ្តាប្រទេសនានាក្នុងតំបន់ ឯកឧត្តមគ្គនាយកបានផ្តល់អនុសាសន៍សំខាន់ដូចខាងក្រោម៖

- ត្រូវកំណត់ធនធានទាំងឡាយ និងតួនាទីភារកិច្ច របស់មន្រ្តី បុគ្គលិក ចាំបាច់សម្រាប់មុខងារនិយ័តកម្ម នីមួយៗ ព្រមទាំងរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងគុណភាព (QMS) សម្រាប់អង្គភាពនិយ័តកម្មឱសថ និង វ៉ាក់សាំង 

- ត្រូវរៀបចំឯកសារបច្ចេកទេស និតិវិធីប្រតិបត្តិស្តង់ដា គោលការណែនាំ ទៅតាមការចាំបាច់ជាប្រព័ន្ធ

- បន្តពង្រឹងវិសាលភាពមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពឱសថ និងវ៉ាក់សាំង ដែលបានទទួលស្គាល់គុណភាពកម្រិតអន្តរជាតិ ISO/IEC 17025 កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ និង WHO Prequalification កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២៥។

ទន្ទឹមគ្នានេះ ឯកឧត្តមអគ្គនាយកក៏បានថ្លែងសូមស្វាគមន៍ ឱ្យមានកិច្ចសហការ និងការចូលរួមពីអង្គភាព និងដៃគូអភិវឌ្ឈន៍ពាក់ព័ន្ធទាំងអស់ ដើម្បីផ្តល់នូវធនធានចាំបាច់នានា សម្រាប់ការសម្រេចបានជាអង្គភាពដែលមានប្រព័ន្ធ និយ័តកម្មឱសថជាតិកម្រិត៣ នៅឆ្នាំ២០២៨ តាមការរំពឹងទុក។

សូមបញ្ជាក់ជូនថា សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ នាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ និងនាយកដ្ឋានបុគ្គលិក ព្រមទាំងអ្នកសម្របសម្រួលពីអង្គការ សុខភាពពិភពលោក (WHO, WPRO) តំណាងអង្គការ CHAI អាជ្ញាធរគ្រប់គ្រងឱសថប្រទេសអូស្រ្តាលី (TGA) និងតំណាងការិយាល័យអង្គការ UNAIDS សរុបចំនួន ៤៤ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9